លោក Brendan Rodgers គ្រូបង្វឹករបស់ក្រុម Leicester រំពឹងទុកថា ខ្សែប្រយុទ្ធ Jamie Vardy នឹងវិលពីរបួសវិញសម្រាប់ការប្រកួតពាន League Cup ជើងទី២ នៅលើទឹកដីក្រុម Aston Villa។
Vardy បានអវត្តមានក្នុងការប្រកួតពាន FA Cup ជុំទី៤របស់ក្រុម Leicester City នៅលើទឹកដីក្រុម Brentford កាលពីថ្ងៃសៅរ៍ ក្រោយពីបានរងរបួសអំឡុងពេលក្រុមខ្លួនដណ្តើមបានជ័យជម្នះលើក្រុម West Ham កាលពីសប្តាហ៍មុន។
ដំបូងឡើយ មានការព្រួយបារម្ភថា ខ្សែប្រយុទ្ធដែលរកបានគ្រាប់បាល់ច្រើនជាងគេរបស់ក្លិប Leicester តាមរយៈការរកបាន១៧គ្រាប់រូបនេះ អាចនឹងត្រូវអវត្តមានរយៈពេលជាច្រើនសប្តាហ៍។ ប៉ុន្តែ លោក Rodgers បានប្រកាសកាលពីថ្ងៃចន្ទថា Vardy វ័យ៣៣ឆ្នាំ រឹងមាំគ្រប់គ្រាន់ដើម្បីចូលលេងនៅលើទឹកដី Villa Park ស្របពេលដែលក្រុម Leicester នឹងព្យាយាមកក់កៅអីរបស់ខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុម Manchester City ឬ Manchester United។
ក្នុងសន្និសីទសារព័ត៌មាននៅមុនពេលការប្រកួត លោក Rodgers បានឲ្យដឹងថា៖ «រូបគេនឹងស្ថិតក្នុងក្រុមនេះ។ រូបគេបានខិតខំព្យាយាមយ៉ាងខ្លាំង ចាប់តាំងពីមានបញ្ហារបួស កាលពីពាក់កណ្តាលសប្តាហ៍»។ លោកបានបន្ថែមទៀតថា៖ «យើងនឹងផ្តល់រយៈពេល១ថ្ងៃពេញមួយទៀត ហេតុនេះ យើងអាចពិនិត្យមើលពីកម្រិតរបស់គេនៅថ្ងៃស្អែក និងសម្រេចចិត្តថា រូបគេចាប់ផ្តើមលេងក្នុងជម្រើសដំបូង ឬលេងក្នុងនាមជាកីឡាករបម្រុង។ ប៉ុន្តែ រូបគេនឹងចូលលេង»៕
ប្រភពព័ត៌មាន៖ Channel News Asia