កីឡាករ Bukayo Saka និង Eddie Nketiah របស់ក្រុម Arsenal បានផ្តល់នូវការចាប់អារម្មណ៍មួយទៅលើសក្តានុពលរបស់ពួកគេ ខណៈដែលតារាឆ្នើមយុវជនទាំង២ បានជួយឲ្យក្រុមខ្លួនឈានទៅប្រកួតដណ្តើមពាន FA Cup ជុំទី៥ តាមរយៈការដណ្តើមបានជ័យជម្នះ ២-១ លើក្រុម Bournemouth កាលពីថ្ងៃច័ន្ទ។
លោក Mikel Arteta បានប្រើប្រាស់កីឡាករយុវជននៅកីឡដ្ឋាន Dean Court ហើយកីឡាករ Saka, Nketiah និង Joe Willock សុទ្ធសឹងបានផ្តល់ការតបស្នងដល់ការជឿជាក់របស់អ្នកចាត់ការទូទៅនៃក្រុម Arsenal រូបនេះ តាមរយៈការបង្ហាញពីទម្រង់លេងប្រកបដោយឥទ្ធិពល ដើម្បីជួយឲ្យពួកគេឈានទៅជួបក្រុម Portsmouth។
Saka បានជួយឲ្យក្រុម Arsenal មានគ្រាប់បាល់នាំមុខមុន នៅពេលដែលខ្សែការពារវ័យ១៨ឆ្នាំរូបនេះ បានរកគ្រាប់បាល់ទី៣របស់គេនៅរដូវកាលនេះ តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អ។ Nketiah បានជួយឲ្យក្រុមខ្លួនរកបានគ្រាប់បាល់ទី២ នៅមុនពេលសម្រាកតង់ទី១ ដើម្បីធានាថាលោក Arteta បានបោះជំហានឆ្ពោះទៅមុខ១ជំហានទៀតទៅកាន់ការលើកពាន FA Cup ក្រោយពីបានឈ្នះពាននេះក្នុងឆ្នាំ២០១៤ និង២០១៥ ក្នុងនាមជាកីឡាកររបស់ Arsenal។
កីឡាករ Sam Surridge បានជួយឲ្យក្រុម Bournemouth វាយបកបាន១គ្រាប់វិញនៅជិតបញ្ចប់ការប្រកួត ប៉ុន្តែ វាយឺតពេលបន្តិចទៅហើយក្នុងការសង្គ្រោះឲ្យមានការប្រកួតជើងទី២។ ជាមួយនឹងការស្ថិតក្នុងចំណាត់ថ្នាក់លេខ១០ នៅលើតារាង Premier League ក្រោយពីមិនស្គាល់ឈ្នះសោះពីការប្រកួត៣លើកចុងក្រោយរបស់ខ្លួន ជ័យជម្នះនេះ គឺជាការជឿជាក់ដ៏ធំមួយសម្រាប់លោក Arteta ខណៈដែល Arsenal ទើបតែដណ្តើមបានលទ្ធផលស្មើនៅលើទឹកដីក្រុម Chelsea កាលពីសប្តាហ៍មុន៕
ប្រភពព័ត៌មាន៖ Channel News Asia