Barcelona កំពុងដុតដៃដុតជើងសម្លឹងរកខ្សែប្រយុទ្ធឆ្នើមម្នាក់ ដើម្បីជំនួស Luis Suarez ដែលអវត្តមានពេញមួយរដូវកាលក្រោយវះកាត់បញ្ហារបួសជង្គង់។ កំលុងពេលទីផ្សារដោះដូរកីឡាករកំពុងបើកនៅខែមករា ២០២០នេះ ប្រធានក្រុមកាំភ្លើងធំ Arsenal គឺខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ត្រូវបានក្រុមការពារតំណែងជើងឯក La Liga ដាក់នៅលើកំពូលតារាងបញ្ជីចង់បានរបស់ពួកគេ។

ដូច្នេះពេលនេះ Arsenal កំពុងប្រឈមបញ្ហាសំខាន់នោះគឺត្រូវរកវិធីដើម្បីលួងលោមបញ្ចុះបញ្ចូលដើម្បីរក្សាទុកប្រធានក្រុម របស់ពួកគេអោយបន្តលេងនៅទឹកដី Emirate Stadium ជាបន្តទៅទៀត។

អតីតកីឡាករ Dortmund និងជាកីឡាករអន្តរជាតិហ្គាបុងរូបនេះនៅសល់កិច្ចសន្យារយៈពេល ១៨ ខែទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់ខ្លួន និងមិនទាន់យល់ព្រមលើការបន្តកិច្ចព្រមព្រៀងថ្មីនៅឡើយទេ។ដូច្នេះក្រុមរបស់គ្រូបង្វឹក Mikel Arteta កំពុងតែពិចារណាថានិងលក់រូបគេចេញ រឺមិនដូច្នោះក្រុមនិងប្រឈមបាត់បង់ Aubameyang ដោយគ្មាន តម្លៃខ្លួន(Free Transfer)។

ប្រភព៖ Mirror