ខ្សែបម្រើឆ្នើមរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Christian Eriksen បានប្រាប់ក្លិបថាគាត់ចង់ចាកចេញក្នុងកំឡុងពេលទីផ្សារដោះដូរខែមករានេះ ខណៈដំណឹងនេះហាក់ផ្ដល់ក្ដីសង្ឃឹមទៅដល់ក្រុម Manchester United ដែលតាមចែចូវជម្រើសជាតិដាណឺម៉ាកជាយូរណាស់មកហើយ។

កុងត្រារបស់​ Eriksen នឹងផុតកំណត់ជាមួយនឹងក្លិបនៅភាគខាងជើងទីក្រុងឡុងដ៍នេះ នៅរដូវក្ដៅខាងមុខ ដោយរូបគេក៏បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ក្លិបថារូបគេមិនបន្តកុងត្រាថ្មីនោះទេ។

យោងតាមកាសែត The Athletic បានឲ្យដឹងថា Eriksen បានប្រាប់ក្លិប Tottenham Hotspur ថារូបគេចង់ចាកចេញកាន់តែឆាប់តាមតែអាចធ្វើទៅបាន ចាប់ពីខែមករានេះតទៅ។ ប្រភពដដែលបានបន្ថែមទៀតថា Man UTD អាចនឹងត្រូវប្រឈមនឹងក្លិបធំ៣ផ្សេងទៀតនៅតំបន់អឺរ៉ុប ក្នុងការប្រជែងយក Eriksen ក្នុងនោះរួមមានក្រុមសេះបង្កង់ Juventus, Inter Milan និង Real Madrid។

គួរឲ្យដឹងដែរថា ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះ បានផ្ទេរពី Ajax មកចូលរួមជាមួយក្រុម Tottenham Hotspur តាំងពីឆ្នាំ២០១៣មកម៉្លេះ ក្នុងតម្លៃ ១៣,៥លានអឺរ៉ូ (ប្រមាណ១៥លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនសរុបបាន ៣០០ប្រកួត ស៊ុតបញ្ចូលទីបាន៦៩គ្រាប់និង Assist បាន៨៩ដង៕