កំពូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់កីឡាករ Cristiano Ronaldo បាននិយាយថា ក្រោយពេលគាត់ព្យួរស្បែកជើងពីអាជីពជាកីឡាករ គាត់មានគោលដៅចង់ចាប់អាជីពជាតារាសម្ដែង។
Ronaldo បច្ចុប្បន្នកំពុងលេងឲ្យក្លិបសេះបង្កង់ Juventus ក្រោយផ្ទេរពី Real Madrid កាលពីខែកក្កដា ឆ្នាំ២០១៨ កន្លងមក។ ក្នុងរដូវកាលដំបូងគាត់បានជួយក្រុមយក្សអ៊ីតាលីមួយនេះឈ្នះពាន Serie A និងពានអ៊ីតាលី Super Cup ចំណែកឯក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Sarri គាត់បង្ហាញខ្លួនបាន ២១ប្រកួត និងស៊ុតបញ្ចូលទីបាន១២គ្រាប់ គិតរាល់កម្មវិធីទាំងអស់។
យ៉ាងណាមិញម្ចាស់ពាន Ballon D’or ៥សម័យរូបនេះ បានបង្ហើបប្រាប់ថា គាត់នឹងចូលនិវត្តន៍ប្រសិន បើគាត់មិនអាចបង្ហាញទម្រង់លេងតាមអ្វីដែលគាត់ចង់បាន ហើយដំណើរបន្ទាប់របស់គាត់គឺចង់សាកល្បងអាជីពជាតារាសម្ដែង។
ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ បាននិយាយក្នុងសន្និសីទកីឡានៅទីក្រុងឌូបៃថា៖ “ពេលដែលខ្ញុំដើរចេញពីវិស័យបាល់ទាត់ ខ្ញុំចង់បន្តការសិក្សារបស់ខ្ញុំឡើងវិញ។ ហើយរឿងមួយដែលខ្ញុំចាប់អារម្មណ៍នោះ គឺខ្ញុំចង់សាកល្បងសម្ដែងក្នុងខ្សែភាពយន្ត។” អតីតខ្សែប្រយុទ្ធ Real Madrid និង Manchester United រូបនេះ បានបន្ថែមទៀតថា៖
“ខ្ញុំមិនដែលមានរដូវកាលអាក្រក់ក្នុងជីវិតរបស់ខ្ញុំនោះទេ ព្រោះខ្ញុំតែងតែត្រៀមប្រឈមមុខនឹងឧបសគ្គជានិច្ច។ ខ្ញុំតែងតែចូលប្រកួតជាមួយនឹងគោលបំណងស្វែងរកជ័យជម្នះ នៅពេលដែលរាងកាយរបស់ខ្ញុំ លែងឆ្លើយតបទៅនឹងអ្វីដែលខ្ញុំចង់បាននៅលើទីលាន នោះហើយជាពេលវេលាដែលខ្ញុំនឹងឈប់។ គួរឲ្យដឹងដែរថា Ronaldo ទើបតែបានឈ្នះពានរង្វាន់ Best Player Globe Soccer Award 2019 នៅទីក្រុងឌូបៃកាលពីម្សិលមិញ ដែលនេះជាលើកទី៦ហើយដែលគាត់ឈ្នះពានរង្វាន់មួយនេះ ចាប់តាំងពីបង្កើតនៅឆ្នាំ២០១១មក៕
ប្រភព៖ thesun Credit: Khmerlaod