ការបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់ Willian នៅកីឡដ្ឋាន Tottenham Hotspur កាលពីចុងសប្តាហ៍មុន បានបង្ហាញពីមូលហេតុដែលលោក Frank Lampard ចង់ឲ្យអនាគតរបស់តារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ នៅក្លិប Chelsea ត្រូវបានដោះស្រាយ។

ស្របពេលដែលការគោលដៅសំខាន់នៅរដូវកាលនេះ គឺការបង្វឹកកីឡាករវ័យក្មេងឆ្នើមៗរបស់ក្រុមតោខៀវរបស់លោក Lampard ការបង្ហាញពីទម្រង់លេងដ៏ល្អរបស់ Willian នៅតំបន់ប្រយុទ្ធទាំង៣ ពិតជាបានស្ថិតក្នុងកម្រិតយ៉ាងល្អឥតខ្ចោះ។ ខ្សែបម្រើស្លាបរូបនេះ ហាក់ដូចជាបាត់បង់កម្រិតលេងដ៏ល្អរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសកាលពីរដូវកាលមុន ដែលនៅពេលនោះរូបគេមិនបានបង្ហាញខ្លួនជាទៀងទាត់ឡើយក្រោម ការដឹកនាំរបស់លោក Maurizio Sarri និងហាក់ស្ថិតក្នុងដំណាក់កាលគ្រោះថ្នាក់នៃការចាកចេញពីក្លិប Chelsea។

ប៉ុន្តែ យុទ្ធនាការនៅរដូវកាលនេះ មានភាពខុសគ្នា ហើយលោក Lampard សង្ឃឹមថា កីឡាកររូបនេះ អាចជួយឲ្យក្រុមខ្លួនវិលទៅរកភាពខ្លាំងវិញពេលប្រកួតលើទឹកដីខ្លួនឯង នៅពេលប៉ះជាមួយនឹងក្រុម Southampton នាកីឡដ្ឋាន Stamford Bridge នៅរាត្រីនេះ បន្ទាប់ពីក្រុម Chelsea បានយកឈ្នះលើក្រុម Spurs របស់លោក Jose Mourinho ក្នុងលទ្ធផល ២-០។

Willian គឺជាអ្នកដែលបានបង្ហាញពីទម្រង់លេងល្អជាងគេ ក្នុងការប្រកួតមួយដែលលោក Lampard បានចាត់ទុកថា អាចជាការបង្ហាញពីកម្រិតលេងដ៏ល្អបំផុតរបស់ក្រុមលោកនៅរដូវកាលនេះ ក្រោយពីបានធ្លាក់ចុះទម្រង់លេងជាបន្តបន្ទាប់ ដែលនាំឲ្យពួកគេរងបរាជ័យ៤លើក ក្នុងចំណោមការប្រកួត៥លើកនៃក្របខ័ណ្ឌ Premier League ក្នុងនោះរាប់បញ្ចូលទាំងការចាញ់ក្រុម Bournemouth និង West Ham លើទឹកដីខ្លួនឯងផងដែរ៕

ប្រភពព័ត៌មាន៖ Channel News Asia