Aston Villa បានបញ្ជាក់ថា ខ្សែបម្រើ John McGinn បានរងរបួសបាក់កជើងក្នុងការប្រកួតដែលចាញ់ ៣–១ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ក្រោមស្នាដៃក្រុម Southampton។ កីឡាករវ័យ ២៥ឆ្នាំរូបនេះបានរងរបួសនៅនាទីទី៧ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League។
មិនមានពេលវេលាកំណត់ សម្រាប់ការវិលត្រឡប់របស់គាត់ទៅសកម្មភាពនោះទេ ប៉ុន្តែអាការៈគាត់អាចនឹងអវត្តមានរយៈពេលរហូតដល់ទៅបីខែ។ Aston Villa ដែលបានធ្លាក់ចូលទៅក្នុងតំបន់កាត់ចោល បន្ទាប់ពីចាញ់កាលពីថ្ងៃសៅរ៍នោះ នឹងត្រូវជួបជាមួយក្រុមទាំង២ នៅពីក្រោមពួកគេគឺ Norwich City និង Watford នៅក្នុងការប្រកួត ២លើកបន្ទាប់នៅ English Premier League។
កាលពីសប្ដាហ៍មុន John McGinn ត្រូវបានគេជ្រើសរើសជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ស្កុតឡេន បន្ទាប់ពីរកបានគ្រាប់បាល់ក្នុងការប្រកួតឲ្យក្រុមជំរើសជាតិ ៧គ្រាប់ក្នុងឆ្នាំ២០១៩។ ស្កុតឡេនជួបជាមួយអ៊ីស្រាអែល ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Play-Off Euro ២០២០ នៅថ្ងៃទី២៦ ខែមីនា។ សូមបញ្ជាក់ថា John McGinn គឺជាកីឡាករដែលអតីតអ្នកចាត់ការ Manchester United, Sir Alex Ferguson ផ្តល់យោបល់ដល់ Ole Gunnar Solskjaer ក្នុងការនាំយកមកកាន់ Old Trafford កាលពីដើមរដូវកាលកន្លងមក តែការចរចាផ្ទេរមិនបានសំរេច៕