លោក Freddie Ljungberg អ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ក្រុម Arsenal ជឿជាក់ថា ក្លិបនេះត្រូវតែតែងតាំងគ្រូបង្វឹកអចិន្ត្រៃយ៍ឲហយបានឆាប់ ដើម្បីទប់ស្កាត់ការធ្លាក់ចុះទម្រង់លេងរបស់ពួកគេ ក្រោយពីខ្សែបម្រើ Kevin De Bruyne បានជួយឲ្យក្រុម Manchester City ដណ្តើមបានជ័យជម្នះដោយងាយក្នុងលទ្ធផល ៣-០ នាកីឡដ្ឋាន Emirates កាលពីថ្ងៃអាទិត្យ។
De Bruyne បានស៊ុតបាល់បញ្ចូលទី២គ្រាប់ និងជួយឲ្យ Raheem Sterling រកបាន១គ្រាប់ទៀតឲ្យក្រុម Man City ដើម្បីធ្វើឲ្យក្រុម Arsenal ធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ៩ នៅលើតារាងក្របខ័ណ្ឌ Premier League ក្រោយពីដណ្តើមបានជ័យជម្នះត្រឹមតែ១លើកគត់ពីការប្រកួត១២លើកចុងក្រោយរបស់ពួកគេ ក្នុងរាល់យុទ្ធនាការទាំងអស់។
លោក Ljungberg បានដឹកនាំការប្រកួត៥លើកក្នុងចំណោមការប្រកួតទាំងនោះ ប៉ុន្តែ លោកសង្ឃឹមថា ការតែងតាំងគ្រូបង្វឹកជាអចិន្ត្រៃយ៍ អាចនឹងត្រូវធ្វើឡើង នៅមុនពេលការធ្វើដំណើរទៅប្រកួតលើទឹកដីក្រុម Everton នៅចុងសប្តាហ៍នេះ។
លោក Ljungberg បានឲ្យដឹងថា៖ «វាជាកិត្តិយសមួយក្នុងការធ្វើការងារនេះ ប៉ុន្តែ ខ្ញុំបាននិយាយថា ខ្ញុំគិតថា វាពិតជាចាំបាច់ណាស់ក្នុងការមានភាពច្បាស់លាស់ ដើម្បីធ្វើការសម្រេចចិត្តមួយ ហេតុនេះ គ្រប់គ្នា នឹងដឹង»។ លោកបានបន្ថែមទៀតថា៖ «វាពិតជាអាស្រ័យទៅលើក្លិបទាំងស្រុង។ ខ្ញុំព្យាយាមយ៉ាងខ្លាំង តាមដែលខ្ញុំអាច ប៉ុន្តែវានឹងល្អក្នុងការធ្វើការសម្រេចចិត្តមួយ មិនថា មានអ្វីកើតឡើង»៕