ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood បានបង្ហាញថ្វីជើងម្តងទៀតសម្រាប់ក្រុម Manchester United តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុម AZ Alkmaar ក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍។
នៅមុនពេលនេះ ក្រុម Arsenal បានវាយបកពីការដេញតាមពីក្រោយ ២-០ ដើម្បីបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅលើទឹកដីក្រុម Standard Liege ហើយក៏បានឈ្នះកៅអីទៅលេងក្នុងវគ្គ៣២ក្រុមចុងក្រោយផងដែរ ក្នុងនាមជាក្រុមឈរលេខ១ក្នុងពូល F។
ស្របពេលដែលក្រុម Wolves ដែលបានផ្តួលក្រុម Besiktas ក្នុងលទ្ធផល ៤-០ ក៏បានឈ្នះកៅអីទៅវគ្គបន្តផងដែរនោះ ក្លិបរបស់អង់គ្លេស បានបញ្ចប់យុទ្ធនាការនៃការប្រកួតវគ្គចែកពូលក្នុងក្របខ័ណ្ឌអឺរ៉ុប ដោយមិនមានក្រុមណាបានធ្លាក់ចេញឡើយ តាមរយៈការឈ្នះកៅអីទាំង៣ក្នុងក្របខ័ណ្ឌ Europa League ហើយក្រុម៤ផ្សេងទៀតក្នុងក្របខ័ណ្ឌ Premier League ក៏បានឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃ Champions League ផងដែរ។
ក្លិបរបស់អេស្ប៉ាញក៏បានបំពេញការឈ្នះកៅអីទាំងស្រុងរបស់ខ្លួនផងដែរ នៅពេលដែលក្រុម Getafe បានចូលរួមជាមួយនឹងក្រុម Sevilla និង Espanyol តាមរយៈការស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងរយៈពេល១៤នាទីចុងក្រោយ ដើម្បីផ្តួលក្រុម Krasnodar ៣-០ ក្នុងការប្រកួតដណ្តើមយកលេខ២ក្នុងពូល C។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុម Borussia Moenchengladbach របស់ក្របខ័ណ្ឌ Bundesliga និងក្រុមជើងខ្លាំងរបស់អ៊ីតាលី Lazio បានធ្លាក់ចេញដូចគ្នា៕
ប្រភពព័ត៌មាន៖ Channel News Asia