ក្លិប Everton បានបណ្តេញលោក Marco Silva ចេញ ក្រោយពីបានដឹកនាំរយៈពេល១៨ខែក្នុងនាមជាគ្រូបង្វឹកនៅកីឡដ្ឋាន Goodison Park កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការចាញ់ក្នុងលទ្ធផល ៥-២ ក្រោមស្នាដៃក្រុម Liverpool បានធ្វើឲ្យក្រុមទូកក្តោងមួយនេះ ធ្លាក់ចូលក្នុងតំបន់កាត់ចោលនៃក្របខ័ណ្ឌ Premier League។
Everton បានឲ្យដឹងក្នុងសេចប្រកាសមួយថា៖ «ក្លិបកីឡាបាល់ទាត់ Everton អាចប្រកាសបានថា អ្នកចាត់ការទូទៅលោក Marco Silva បានចាកចេញពីក្លិបនេះហើយ។ លោក Duncan Ferguson បានទទួលតំណែងជាគ្រូបង្វឹកបណ្តោះអាសន្នក្នុងក្រុមឈុតធំ ហើយនិងដឹងនាំក្រុមនេះសម្រាប់ការប្រកួតជាមួយនឹងក្រុម Chelsea នៅថ្ងៃសៅរ៍»។
David Moyes ត្រូវបានទាក់ទងឲ្យវិលទៅកាន់កីឡដ្ឋាន Goodison ក្នុងនាមជាអ្នកជំនួសកន្លែងរបស់លោក Silva ក៏ដូចជាក្នុងនាមជាអ្នកជួយសង្គ្រោះក្លិបនេះរហូតដល់បញ្ចប់រដូវកាល។ ការរងបរាជ័យ៨លើកក្នុងចំណោមការប្រកួត១១លើក បានកំណត់ជោគវាសនារបស់លោក Silva តែម្តង បន្ទាប់ពីក្លិបនេះ បានប្រមូលផ្តុំក្រុមមួយដែលត្រូវបានរំពឹងទុកថា នឹងអាចប្រជែងយកកៅអីក្របខ័ណ្ឌអឺរ៉ុប ក្នុងពេលបញ្ចប់រដូវកាល។ អ្នកគាំទ្ររបស់ Everton បានអំពាវនាវឲ្យគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះចាកចេញ បន្ទាប់ពីការរងបរាជ័យក្នុងលទ្ធផល ២-០ ក្រោមស្នាដៃក្រុម Norwich លើទឹកដីខ្លួនឯង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា៕
ប្រភពព័ត៌មាន៖ Channel News Asia