លោក Jose Mourinho បានសន្យាថា «នឹងផ្តោតលើការងារយ៉ាងពិតប្រាកដ» បន្ទាប់ពីលោកត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្រុម Tottenham Hotspur កាលពីថ្ងៃពុធ ក្រោយពីលោក Mauricio Pochettino ត្រូវបានបណ្តេញចេញដោយក្លិបធ្លាក់ទម្រង់លេងរបស់ក្របខ័ណ្ឌ Premier League មួយនេះ។
អតីតអ្នកចាត់ការទូទៅរបស់ក្លិប Chelsea, Real Madrid និង Manchester United រូបនេះ ត្រូវបានប្រកាសតែងតាំងជាគ្រូបង្វឹកថ្មី នៅកីឡដ្ឋាន White Hart Lane ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក Pochettino សញ្ជាតិអាហ្សង់ទីន ត្រូវបានបណ្តេញចេញកាលពីល្ងាចថ្ងៃអង្គារ។
លោក Mourinho បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិប Tottenham ថា៖ «ខ្ញុំគ្មានអ្វីរីករាយជាងនេះឡើយ និងកំពុងតែសម្លឹងឆ្ពោះទៅកាន់ការប្រជែងនេះ។ អ្វីដែលខ្ញុំអាចសន្យាបាន? ការយកចិត្តទុកដាក់យ៉ាងពិតប្រាកដ។ ការស្រឡាញ់ការងាររបស់ខ្ញុំ ហើយក៏ស្រឡាញ់ក្លិបរបស់ខ្ញុំផងដែរ។ នោះហើយគឺជាផ្លូវដែលខ្ញុំដើរក្នុងអាជីពរបស់ខ្ញុំទាំងអស់»។ គ្រូបង្វឹកវ័យ៥៦ឆ្នាំរូបនេះ ដែលមិនមានការងារធ្វើ ចាប់តាំងពីចាកចេញពីក្លិប Man United កាលពីខែធ្នូនោះ បានចុះកុងត្រាមួយរហូតដល់ចុងរដូវកាលឆ្នាំ២០២២-២០២៣ ក្រោយពី Spurs បានចាត់វិធានការភ្លាមៗដើម្បីទប់ស្កាត់ការធ្លាក់ចុះទម្រង់លេងរបស់ពួកគេ។
ក្លិបនេះ បានឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន ប៉ុន្តែ កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១៤ នៅលើតារាង Premier League ក្រោយពីបានកត់ត្រាជ័យជម្នះត្រឹមតែ៣លើកគត់ ពីការប្រកួត១២លើក។ ពួកគេកំពុងតែដេញតាមពីក្រោយក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ចំនួន១១ពិន្ទុ៕
ប្រភពព័ត៌មាន៖ Channel News Asia