បន្ទាប់ពីគ្រូបង្វឹកលោក Maurizio Sarri បានផ្លាស់ប្ដូរកីឡាករ Cristiano Ronaldo ចេញពីការប្រកួតបន្តបន្ទាប់របស់ក្លឹបសេះបង្កង់ Juventus ចំនួន ២ លើករួចមក តារាឆ្នើមសញ្ជាតិព័រទុយហ្កាល់រូបនេះបានសារភាពថា ខ្លួនមិនសូវពេញចិត្តនឹងការផ្លាស់ប្ដូរនោះទេ។
ខ្សែប្រយុទ្ធចាស់វស្សាវ័យ ៣៤ឆ្នាំ CR7 បានចេញមកបញ្ជាក់ថា គាត់មិនសាកសមទេអំឡុងការប្រកួតពីរលើកចុងក្រោយរបស់ក្រុមស្ត្រីចំណាស់ Juventus ប៉ុន្តែគាត់ចង់ជួយក្រុមរបស់គាត់ឱ្យទទួលជ័យជម្នះ។
ស្របពេលដែលម្ចាស់ពានរង្វាន់ Ballon D’or ៥ សម័យកាលរូបនេះ បង្ហាញទម្រង់លេងល្អមែនទែននៅក្រុមជម្រើសជាតិ ដោយបច្ចុប្បន្នកំពុងឈនៅលំដាប់ទី២ ក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតនៅកម្រិតអន្តរជាតិ ជាមួយគ្រាប់បាល់ ៩៩គ្រាប់់។
Ronaldo បានប្រាប់បណ្តាញសារព័ត៌មានថា៖ “ រយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ ក្នុងការប្រកួតទាំង ២ លើកជាមួយព័រទុយហ្កាល់ ខ្ញុំក៏មិនមាន ១០០ ភាគរយដែរ ។ ប៉ុន្តែខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានលះបង់ខ្លួនខ្ញុំសម្រាប់ក្រុមជម្រើសជាតិ ឬសម្រាប់ក្លឹបរបស់ខ្ញុំ ”។
កីឡាកររូបនេះបន្ទៀតតថា៖ “ ក្នុងអាជីពរបស់ខ្ញុំ ខ្ញុំមិនដែលមានរងរបួសធ្ងន់ធ្ងរទេ ព្រោះជាធម្មតាខ្ញុំលេងចន្លោះពី ៥០ ទៅ ៦០ ប្រកួត ប៉ុន្តែខ្ញុំមានភាពមិនស្រួលខ្លះដែលរារាំងខ្ញុំមិនឱ្យមាន ១០០ ភាគរយ ” ៕