ការពិន័យកាតក្រហមរបស់ខ្សែប្រយុទ្ធ Son Heung-min នៃក្រុម Tottenham សម្រាប់ការប្រជែងដណ្តើមបាល់ទៅលើខ្សែបម្រើ Andre Gomes ត្រូវបានលុបចោលវិញ ដោយសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ហៅកាត់ថា FA។

ការប្រជែងដណ្តើមបាល់នេះ បាននាំឲ្យខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Gomes របស់ Everton រងរបួសកជើងដ៏ធ្ងន់។ ដំបូងឡើយ លោកអាជ្ញាកណ្តាល Martin Atkinson បានពិន័យ Son ត្រឹមតែកាតលឿងប៉ុណ្ណោះ នៅមុនពេលលោកបានប្តូរទៅពិន័យកាតក្រហមវិញ។ ខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូងរូបនេះ បានរងពិន័យកាតក្រហម សម្រាប់ការប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរ ប៉ុន្តែ ក្រុមប្រឹក្សាផ្នែកច្បាប់ បានច្រានចោលការចោទប្រកាន់លើការប្រព្រឹត្តកំហុសវិញ។

លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បានឲ្យដឹងថា៖ «Son ពិតជាខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីការប្រកួតនេះ។ វាមានភាពស្មុគស្មាញទាំងបញ្ហារបួស និងការផ្តល់ការពិន័យកាតក្រហម ហើយវាជាពេលវេលាដ៏រំជួលចិត្តសម្រាប់គ្រប់គ្នា»។ FA បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «Heung-min Son នឹងអាចចូលលេងវិញក្នុងការប្រកួត៣លើកទៀតរបស់ក្រុម Tottenham Hotspur FC ក្រោយពីក្រុមប្រឹក្សាផ្នែកច្បាប់ បានច្រានចោលការចោទប្រកាន់ពីការប្រព្រឹត្តកំហុស»៕

ប្រភពព័ត៌មាន៖ BBC