Lionel Messi ត្រូវបានដាក់បញ្ចូលក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ការប្រកួតមិត្តភាពជាមួយប្រេស៊ីលនិងអ៊ុយរូហ្គាយនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ បន្ទាប់ពីត្រូវរងបម្រាមហាមឃាត់ចូលរួមប្រកួតលក្ខណៈអន្តរជាតិរយៈពេល ៣ខែរបស់គាត់ត្រូវបានបញ្ចប់។
ខ្សែប្រយុទ្ធរបស់ក្រុម Barcelona វ័យ ៣២ឆ្នាំត្រូវបានបណ្តេញចេញនៅក្នុងការប្រកួតដណ្តើមពានរង្វាន់ Copa America អោយអាហ្សង់ទីននៅថ្ងៃទី៦ ខែកក្កដា ២០១៩កន្លងមកនេះ។ ក្រោយមកគាត់ត្រូវបានរងបម្រាម បន្ទាប់ពីបានអះអាងថាកាប្រកួតពានរង្វាន់ Copa America នេះមានបង្កប់អំពើពុករលួយកំលុងពេលប្រកួត។
Messi ដែលរកបាន ៥គ្រាប់អោយក្រុម Barcelona នៅរដូវកាលនេះខកខានការប្រកួតចំនួន ៤ប្រកួតអោយអាហ្សង់ទីនក្នុងអំឡុងពេលបម្រាមរបស់គាត់។ អាហ្សង់ទីនត្រូវជួបប្រេស៊ីលនៅអារ៉ាប់ប៊ីសាអូឌីតនៅថ្ងៃទី១៥ ខែវិច្ឆិកា និងអ៊ុយរូហ្គាយនៅអ៊ីស្រាអែលថ្ងៃទី១៨ ខែវិច្ឆិកា ខាងមុខនេះ។