ក្លឹប Manchester United ត្រូវបានរាយការណ៍មកថា សម្រាប់ខ្សែការពារ Chris Smalling មានការទាមទារតម្លៃខ្លួន ១៧លានផោនបន្ទាប់ពីជួបពិភាក្សាជាមួយក្លិប Roma នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីរូបគេ បង្ហាញខ្លួនឲ្យបិសាចក្រហមលើស ៣០០ប្រកួត។
កិឡាករ Smalling ដែលបានមកចូលរួមនៅកីឡដ្ឋាន Old Trafford កាលពីឆ្នាំ២០១០ នឹងបង្ហាញខ្លួនលើស ៣០០ប្រកួត ហើយក៏ធ្លាប់បានជួយឲ្ក្យក្រុម Man UTD ឈ្នះពាន Premier League ២ដង, Europa League ១ដង រួមនឹង FA Cup ១ដងផងដែរ។
កាលពីខែសីហាកន្លងទៅខ្សែការពារកណ្ដាលរូបនេះបានផ្លាស់ទៅចូលរួមជាមួយ Roma ក្រោមលក្ខខណ្ឌខ្ចីជើងហើយ Smalling បានបង្ហាញខ្លួន ៦ប្រកួតក្នុងចំណោម ១០ប្រកួតរបស់ Roma នៅរដូវកាលនេះ និងបានបង្ហាញទម្រង់លេងគួរឲ្យកត់សម្គាល់ ព្រមទាំងបានជួយឲ្យ Roma ឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាងក្របខណ្ឌ Serie A គិតត្រឹមសប្ដាហ៍ទី១០ថែមទៀត។ បើតាមប្រភពពីក្នុងប្រទសអ៊ីតាលីបានឲ្យដឹងថា Roma បានជួបប្រជុំជាមួយ Manchester United ដើម្បីពិភាក្សាជុំវិញរឿងរ៉ាវទិញ Smalling ផ្ដាច់យកតែម្ដង។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា Roma បានផ្ដល់តម្លៃទំហំទឹកប្រាក់ប្រមាណ៨លានផោន ខណៈ Man UTD ចង់បានដល់ទៅ ១៧លានផោន៕