ខ្សែប្រយុទ្ធ Cristiano Ronaldo អាចនឹងវិលចូលលេងវិញនៅរាត្រីនេះ ក្រោយពីការសម្រាកក្នុងរយៈពេលដ៏ខ្លី ខណៈដែលក្រុម Juventus ដែលកំពុងនាំមុខលើកំពូលតារាងនៃក្របខ័ណ្ឌ Serie A ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Genoa ដែលទើបតែតែងតាំងអតីតខ្សែបម្រើអន្តរជាតិអ៊ីតាលីលោក Thiago Motta ជាគ្រូបង្វឹក។
Ronaldo មិនបានចូលលេងឡើយ ក្នុងពេលក្រុមខ្លួនបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Lecce កាលពីថ្ងៃអាទិត្យ ដោយសារតែបញ្ហាអស់កម្លាំង បើទោះបីលោកគ្រូបង្វឹក Maurizio Sarri បានបដិសេធក្នុងការស្តីបន្ទោសទៅលើការអវត្តមានរបស់ Ronaldo សម្រាប់ការបាត់បង់ពិន្ទុនេះក៏ដោយ។ Juventus ក៏នឹងត្រូវប៉ះក្រុម Torino នៅចុងសប្តាហ៍នេះផងដែរ នៅមុនពេលធ្វើដំណើរទៅកាន់ទឹកដីក្រុម Lokomotiv Moscow ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នាថ្ងៃទី៦ ខែវិច្ឆិកា ហើយខ្សែការពារ Leonardo Bonucci បានជំរុញឲ្យមិត្តរួមក្រុមរបស់ខ្លួន ធ្វើការស្តារមុខមាត់ឡើងវិញ ពីការខកចិត្តនៅលើទឹកដីក្រុម Lecce។
Bonucci បានឲ្យដឹងថា៖ «យើងត្រូវតែពង្រឹងការលេងរបស់យើង និងមានការប្តេជ្ញាចិត្តជាងមុន ក៏ដូចជារឿនពីកំហុសឲ្យបានរហ័ស បើមិនអ៊ីចឹងទេ យើងអាចនឹងបញ្ចប់ដោយការបាត់បង់ពិន្ទុទៀត»។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «បញ្ហានោះបានកើតឡើងកាលពីថ្ងៃសៅរ៍។
ពិតជាសំណាងណាស់ដែលយើងមានឱកាសក្នុងការវិលទៅកាន់ជ័យជម្នះវិញនៅថ្ងៃពុធនេះ»។ ការដឹកនាំនៅថ្ងៃបើកឆាកក្នុងនាមជាគ្រូបង្វឹករបស់លោក Motta បានបញ្ចប់ដោយការយកឈ្នះលើក្រុម Brescia ៣-១ ដោយក្នុងការប្រកួតនេះ រាល់កីឡាករទាំង៣នាក់របស់លោក សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទីដូចគ្នា៕
ប្រភពព័ត៌មាន៖ Channel News Asia