នៅក្នុងបទសម្ភាសន៏ជាមួយ BeIN Sports អតីតអ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បានបង្ហើបប្រាប់អោយដឹងថា Sadio Mane ជាខ្សែប្រយុទ្ធហង្សក្រហម Liverpool គឺជាជម្រើសដែលរូបលោកជ្រើសរើសដើម្បីឈ្នះពានរង្វាន់ Ballon D’or នៅឆ្នាំ ២០១៩នេះ បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងល្អបំផុតនៅរដូវកាល ២០១៨-២០១៩ កន្លងមក។

អ្នកចាត់ការទូទៅអន្តរជាតិបារាំងវ័យ ៦៩ឆ្នាំបានពន្យល់ថាខ្សែប្រយុទ្ធស្លាបសញ្ជាតិសេណេហ្គាល់វ័យ ២៧ឆ្នាំរូបនេះមានសក្តិសមនិងឈ្នះពានប្រកបដោយកិត្តិយសនេះ ពោលគឺមានភាគរយខ្ពស់ជាងគូប្រជែង Lionel Messi, Cristiano Ronaldo និងមិត្តរួមក្រុម Virgil van Dijk ដែលមានលទ្ធភាពខ្ពស់ដើម្បីលើកពានផ្ទាល់ខ្លួនមួយនេះផងដែរ។

ម្ចាស់ពានរង្វាន់បាល់មាស Ballon d’Or ២០១៩ និងត្រូវប្រកាសឈ្មោះជាផ្លូវការណ៏នៅខែមករាឆ្នាំ ២០២០ ខាងមុខនេះ ខណៈដែល រដូវកាលមុន Mane បង្ហាញខ្លួនចំនួន ៥០ ដង ឲ្យ ហង្សក្រហមគ្រប់ក្របខណ្ឌប្រកួត រកគ្រាប់ បាល់បាន ២៦ គ្រាប់និងAssistបាន ៥ ដង។

អតីតកីឡាករ Southampton វ័យ ២៧ ឆ្នាំរូបនេះក៏បានដើរតួនាទីយ៉ាងសំខាន់ដោយបានជួយក្លឹប ឈ្នះពាន Champions League មុនពេលទទួលបានស្បែកជើងមាសនៅក្របខណ្ឌ Premier League ជាមួយមិត្តរួមក្រុម Mohamed Salah និងកីឡាករ Pierre-Emerick Aubameyang របស់ក្រុម Arsenal។

ប្រភព៖ Foxstarasia