ខ្សែ​ប្រយុទ្ធ​វ័យ ១៩​ឆ្នាំ Erling Braut Haaland ត្រូវ​បាន​រើស​ជា​កីឡាករ​ឆ្នើម​ប្រចាំ​សប្ដាហ៍​ នៃ​ព្រឹត្តិការណ៍ UEFA Champions League ក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ ពេល​ប៉ះ​នឹង​ក្លឹប​បែលហ្សិក​ Genk។

កីឡាករ​នៃ​ក្លឹប​អូទ្រីស​ Salzburg នេះ បាន​ស៊ុត​ Hat-Trick ដោយ​ប្រើ​ពេល​តែ​ ៤៥​នាទី​ដំបូង​ប៉ុណ្ណោះ ក្នុង​ប្រកួត​នៃ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ដំបូង​របស់​ខ្លួន កាល​ពី​យប់​ថ្ងៃ​ពុធ​កន្លង​ទៅ។ Haaland លេង​ក្នុង​ UEFA Champions League ដំបូង បាន​ចំណាយ​តែ ៤៥​នាទី​ដំបូង​ទេ រក​បាន Hat-Trick អំឡុង​ប្រកួត​ប៉ះ​នឹង​ក្លឹប​បែលហ្សិក Genk (Salzburg ឈ្នះ ៦-២)។

ខ្សែ​ប្រយុទ្ធ​ជនជាតិ​ន័រវែស​រូប​នេះ ជា​កូន​ប្រុស​នៃ​អតីត​ជើង​ឯក Premier League និង​ក្លឹប Leeds United លោក Alf-Inge Haaland។ ហើយ Erling Haaland បាន​រក​គ្រាប់​បាល់ ១៧​គ្រាប់​ហើយ ក្នុង​ ៩ប្រកួត​ នៅ​ក្នុង​រដូវ​កាល ២០១៩​/២០​នេះ៕