Cristiano Ronaldo តារាឆ្នើមរបស់ក្រុម Juventus នៅតែបន្តភាពលេចធ្លោ របស់ខ្លួននៅ​កំពូល​តារាង​សម្រាប់​អាជីព​កីឡាករបាល់ទាត់ រកចំណូលបានច្រើនបំផុតនៅក្របខណ្ឌ Serie A ជាលើកទី៣ជាប់ៗគ្នា ។

ក្រោយផ្ទេរពីក្រុមអធិរាជស Real Madrid ក្នុងតម្លៃខ្លួន ៩៩,២លានផោន មុនចាប់ផ្តើមរដូវកាល២០១៨-២០១៩ ខ្សែ​ប្រយុទ្ធ​សញ្ជាតិព័រទុយហ្កាល់ទោះបីរូបគេ មានវ័យជ្រេឈានដល់ ៣៤ ឆ្នាំទៅហើយក្តីក៏វត្ត​មាន​របស់​កីឡាករ​ខ្សែប្រយុទ្ធស្លាបរូបនេះនៅតែបន្តជះឥទ្ធិពល​ដល់លីក​​កំពូល​ក្នុងស្រុករបស់អ៊ីតាលីមកដល់ពេលបច្ចុប្បន្ន​។​ យោងតាម​កាសែត​អ៊ីតាលី Gazzetta dello Sport បានអោយដឹងថា បច្ចុប្បន្ន​ Ronaldo រក​ចំណូលបាន ២៨ លាន​ផោន​ក្នុងមួយ​ឆ្នាំនៅឯ Old Lady ។

ប្រភពដដែលបន្តថា ម្ចាស់ពានរង្វាន់បាល់មាស Ballon d’Or ៥ សម័យ ឈរនៅលេខរៀងទី១ ខណៈមិត្តរួម​ក្រុម Matthijs de Ligt ដែល Juventus ទិញពី Ajax គឺជាកីឡាកររកចំណូលបានច្រើនជាងគេទី ២ ជាមួយ​នឹង​ប្រាក់​ឈ្នួល៧,២ លានផោន/១ឆ្នាំ រីឯ Romelu Lukaku ដែលត្រូវបានក្លឹប Inter Milan ទិញមកពី Manchester United ឈរ​នៅលេខរៀងទី៣ជាមួយនឹងប្រាក់ឈ្នួល ៦.៧ លានផោន/១ឆ្នាំ។