Cristiano Ronaldo តារាឆ្នើមរបស់ក្រុម Juventus នៅតែបន្តភាពលេចធ្លោ របស់ខ្លួននៅកំពូលតារាងសម្រាប់អាជីពកីឡាករបាល់ទាត់ រកចំណូលបានច្រើនបំផុតនៅក្របខណ្ឌ Serie A ជាលើកទី៣ជាប់ៗគ្នា ។
ក្រោយផ្ទេរពីក្រុមអធិរាជស Real Madrid ក្នុងតម្លៃខ្លួន ៩៩,២លានផោន មុនចាប់ផ្តើមរដូវកាល២០១៨-២០១៩ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ទោះបីរូបគេ មានវ័យជ្រេឈានដល់ ៣៤ ឆ្នាំទៅហើយក្តីក៏វត្តមានរបស់កីឡាករខ្សែប្រយុទ្ធស្លាបរូបនេះនៅតែបន្តជះឥទ្ធិពលដល់លីកកំពូលក្នុងស្រុករបស់អ៊ីតាលីមកដល់ពេលបច្ចុប្បន្ន។ យោងតាមកាសែតអ៊ីតាលី Gazzetta dello Sport បានអោយដឹងថា បច្ចុប្បន្ន Ronaldo រកចំណូលបាន ២៨ លានផោនក្នុងមួយឆ្នាំនៅឯ Old Lady ។
ប្រភពដដែលបន្តថា ម្ចាស់ពានរង្វាន់បាល់មាស Ballon d’Or ៥ សម័យ ឈរនៅលេខរៀងទី១ ខណៈមិត្តរួមក្រុម Matthijs de Ligt ដែល Juventus ទិញពី Ajax គឺជាកីឡាកររកចំណូលបានច្រើនជាងគេទី ២ ជាមួយនឹងប្រាក់ឈ្នួល៧,២ លានផោន/១ឆ្នាំ រីឯ Romelu Lukaku ដែលត្រូវបានក្លឹប Inter Milan ទិញមកពី Manchester United ឈរនៅលេខរៀងទី៣ជាមួយនឹងប្រាក់ឈ្នួល ៦.៧ លានផោន/១ឆ្នាំ។