ការចាកចេញពីក្លិប Manchester United ដើម្បីចូលរួមជាមួយនឹងក្លិប Inter Milan បានជួយឲ្យ Romelu Lukaku វិលទៅរកទម្រង់លេងល្អប្រសើរឡើងវិញ ហើយខ្សែប្រយុទ្ធរូបនេះ ពិតជារីករាយ និងស្រេកឃ្លានជ័យជំនះ ខណៈដែលរូបគេឈានដល់ដំណាក់កាលដ៏សំខាន់នៃអាជីពរបស់គេ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Roberto Martinez អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិក។

តារាឆ្នើមអន្តរជាតិបែលហ្ស៊ិក Lukaku បានចូលរួមជាមួយនឹងក្លិប Inter កាលពីខែមុន ដើម្បីបញ្ចប់រយៈពេល២ឆ្នាំជាមួយនឹងក្លិប Man United ដែលបានចាប់ផ្តើមយ៉ាងល្អ ប៉ុន្តែ បានបញ្ចប់វិញដោយរូបគេត្រូវបានគេប្រជែងយកកៅអីក្នុងជម្រើសទាំង១១នាក់របស់គេក្នុងក្រុម។ ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌទាំង២លើកដំបូង នៅអ៊ីតាលី ហើយលោក Martinez ជឿជាក់ថា ការវិលទៅរកភាពខ្លាំងវិញរបស់ Lukaku ក្នុងក្របខ័ណ្ឌ Serie A អាចជួយឲ្យរូបគេទទួលបានជោគជ័យក្នុងក្រុមជម្រើសជាតិ។

នៅមុនពេលការប្រកួតជម្រុះ Euro ឆ្នាំ២០២០ នៅលើទឹកដីក្រុមជម្រើសជាតិស្កុតឡេន នៅរាត្រីនេះ លោក Martinez បានប្រាប់អ្នកយកព័ត៌មាន៖ «នេះគឺជាលើកទី១ហើយដែលខ្ញុំបានឃើញរូបគេមានសេរីភាព និងរីករាយ។ បើនិយាយពីការត្រៀមខ្លួនមុនៗ ខ្ញុំមិនធ្លាប់បានឃើញ Romelu មានការផ្តោតអារម្មណ៍ខ្លាំង មានការរីករាយ និងក្លែវក្លាដោយសារតែការប្រជែងថ្មីបែបនេះឡើយ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំគិតថា ពេលនេះ រូបគេត្រៀមខ្លួនរួចហើយក្នុងការបើកទំព័រដ៏ធំបំផុតមួយក្នុងអាជីពរបស់គេ ក្រោយពីផ្ទេរទៅកាន់ក្លិប Inter។ រូបគេផ្តោតលើការធ្វើឲ្យបានល្អតាមដែលអាចសម្រាប់ក្រុមជម្រើសជាតិ។ ខ្ញុំពិតជាចាប់អារម្មណ៍ណាស់»៕