អ្នកគាំទ្រជ្រុលនិយម១ក្រុមរបស់ក្លិប Inter Milan បានសរសេរលិខិតបើកចំហរមួយទៅឲ្យ Romelu Lukaku ដើម្បីប្រាប់ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះថា អ្នកគាំទ្រដែលធ្វើជាសំឡេងសត្វស្វា ក្នុងការប្រកួតកីឡាបាល់ទាត់ មិនមែនជាសញ្ញានៃការរើសអើងជាតិសាសន៍ឡើយ។ Lukaku ដែលបានផ្ទេរទៅកាន់ក្លិប Inter Milan ក្នុងតម្លៃខ្លួន៦៥លានអឺរ៉ូ (ស្មើនឹង៧៣លានដុល្លារអាមេរិក) ពីក្លិប Manchester United បានរងការវាយប្រហារដោយការស្រែកបន្ទរតាមគ្នាជាសំឡេងសត្វស្វា ពីអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ ក្នុងការប្រកួតក្របខ័ណ្ឌ Serie A កាលពីថ្ងៃអាទិត្យ នៅលើទឹកដីក្រុម Cagliari។
ការស្រែកជាសំឡេងសត្វស្វានេះ មានរយៈពេលជាច្រើនវិនាទី ខណៈដែលខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ ត្រៀមស៊ុតបាល់ប៉េណាល់ទី ក្នុងពេលក្រុម Inter បានយកឈ្នះក្នុងលទ្ធផល ២-១ លើក្រុម Cagliari។ ប៉ុន្តែ ក្រុមអ្នកគាំទ្ររបស់ Inter ដែលមានឈ្មោះថា L’Urlo della Nord បានប្រាប់ Lukaku ក្នុងលិខិតចំហរមួយដែលត្រូវបានចេញផ្សាយលើទំព័រ Facebook របស់ពួកគេថា រូបគេបានមើលឃើញពីការរើសអើង តែតាមពិតមិនមែនទេ»។
ក្រុមអ្នកគាំទ្រនោះបានសរសេរថា៖ «សួស្តី Romelu។ យើងពិតជាសោកស្តាយណាស់ដែលអ្នកបានគិតថា អ្វីដែលបានកើតឡើងនៅ Cagliari គឺជារើសអើង។ អ្នកត្រូវតែយល់ថា អ៊ីតាលី មិនមែនជាប្រទេសដូចប្រទេសនៅអឺរ៉ុបខាងជើងឡើយ ដែលការរើសអើង គឺជាបញ្ហាដ៏ពិតប្រាកដ។ យើងយល់ឃើញថា វាហាក់ដូចជាការរើសអើងទៅកាន់អ្នក ប៉ុន្តែ វាមិនមែនឡើយ»៕
ប្រភពព័ត៌មាន៖ Channel news Asia