ខ្សែការពារ Chris Smalling របស់ក្រុមបិសាចក្រហម Manchester United បានផ្លាស់ទៅចូលរួមជាមួយក្រុម Roma ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាល ២០១៩-២០២០ នេះបន្ទាប់ពីក្លឹបបានលក់ខ្សែការពារកណ្តាល Konstantinos Manolas ទៅ ឲ្យ Napoli ក្នុងតម្លៃ ៣២ លានផោនកាលពីរដូវក្តៅ។ ក្រុមមានមូលដ្ឋាននៅទីក្រុង Rome រាជធានីប្រទេសអ៊ីតាលីមួយនេះនឹងត្រូវទទួលបន្ទុកផ្តល់ប្រាក់ពលកម្មនឿយហត់ ៣ លានផោន (២,៧ លានផោន) ដល់កីឡាករអន្តរជាតិអង់គ្លេសរូបនេះក្នុងរយៈពេល១ឆ្នាំ ។
Smalling វ័យ២៩ឆ្នាំដែលត្រូវបានអតីតគ្រូបង្វឹកលោក Sir Alex Ferguson ទិញមកពីក្រុម Fulham នៅឆ្នាំ២០១០ បានចំណាយពេល ៩ រដូវកាលនៅ Old Trafford និងធ្លាប់ឈ្នះពាន Premier League ២ដង បានបាត់បង់ការពេញចិត្តក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer បន្ទាប់ពីការមកដល់របស់ Harry Maguire ដែលកំពុងលេងចាប់ដៃគូជាមួយ Victor Lindelof ។
Smalling បានបង្ហាញខ្លួន ៣៤ លើកកាលពីរដូវកាលចាស់គឺជាកីឡាករទី៥ ដែលបានចាកចេញពីក្លឹបបន្ទាប់ពី Romelu Lukaku និង Alexis Sanchez បានចូលរួមនឹង Inter Milan ហើយ Antonio Valencia និង Ander Herrera ផុតកិច្ចសន្យាជាមួយក្រុម ។