Romelu Lukaku បានឆ្លើយតបនូវការរិះគន់ពីសំណាក់អ្នកវិភាគកីឡានិងជាអតីតខ្សែការពារ Man.United Gary Neville ថារកេមិនមានវិជ្ជាជីវៈជាកីឡាកររួចមក។ ខ្សែប្រយុទ្ធបែលហ្ស៊ិកវ័យ ២៦ ឆ្នាំរូបនេះក៏បានឆ្លើយតប តាមបណ្តាញសង្គម Twitterជុំវិញករណីនេះបន្ទាប់ពីរូបគេចាកចេញពីកីឡាដ្ឋាន Old Trafford ដើម្បីចូលរួម​ជាមួយក្លិប Inter Milan នៅក្របខ័ណ្ឌ Serie A ក្នុងតម្លៃ ៧៤ លានផោនក្នុងកិច្ចសន្យា ៥ ឆ្នាំ។

កីឡាករអន្តរជាតិបែលហ្សិករូបនេះ បានប្រាប់ BBC Sport ថា: កុំសង្ស័យលើជំនាញរបស់ខ្ញុំ។ ខ្ញុំ​ស្រលាញ់អាជីពនេះ និងធ្វើអី្វៗដើម្បីក្រុម។ ខ្ញុំព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីកែលម្អចំនុចខ្វះខាតនា​ពេលកន្លង​មក​។​គាត់អាចរិះគន់ កាយសម្បទារបស់ខ្ញុំប៉ុន្តែគាត់មិនគួរនិយាយថាខ្ញុំអត់មាន វិជ្ជាជីវៈរឺមិនខិតខំប្រឹង​ប្រែង​លេង​នោះទេ ព្រោះគ្រូបង្វឹកដែលខ្ញុំធ្លាប់ធ្វើការកន្លងមកតែងនិយាយពីកាយសម្បទាតែមិនបានរិះគន់ដូចគាត់​និយាយ​ដូច្នេះ​ទេ ។

អតីតខ្សែប្រយុទ្ធ Chelsea និង West Brom បានផ្ទេរពី Everton មក Man.United ក្នុងតម្លៃ ៧៥ លាន​ផោន​ក្នុងឆ្នាំ ២០១៧ ដោយរកបាន ៤២ គ្រាប់ក្នុង ៩៦ ប្រកួត ប៉ុន្តែរដូវកាលចាស់​ទម្រង់​លេង​របស់​គេបា​ន​ធ្លាក់​ចុះ​ជា​ខ្លាំង។បន្ទាប់ពីលោក Solskjaer ចូលមកដឹកនាំក្រុម ជំនួសតំណែងលោក Jose Mourinho រូបគេ​មិន​អាច​ប្រជែង​យកតួនាទីជម្រើ១១នាក់ដំបូងពីកីឡាករខ្សែប្រយុទ្ធវ័យក្មេង​អង់គ្លេស Marcus Rashford បាននោះទេ។