ខ្សែប្រយុទ្ធ Cristiano Ronaldo បានទទួលស្គាល់កាលពីថ្ងៃពុធថា ការប្រជែងគ្នាអស់រយៈពេលដ៏យូរអង្វែងជាមួយនឹង Lionel Messi បានធ្វើឲ្យរូបគេ «ក្លាយជាកីឡាករកាន់តែខ្លាំង» និងបានបញ្ជាក់ថា រូបគេពិតជាពេញចិត្តទៅនឹងការប្រកួតប្រជែងគ្នាជាមួយនឹងតារាឆ្នើមអន្តរជាតិអាហ្សង់ទីនរូបនេះ។

ប៉ុន្តែ ទោះបីជាយ៉ាងណា ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Ronaldo ដែលឥទ្ធិពលរបស់គេនៅឯក្លិប Real Madrid មានលក្ខខណ្ឌដូចគ្នាទៅនឹងឥទ្ធិពលរបស់ Messi នៅក្លិប Barcelona នៅមុនពេលរូបគេចាកចេញដើម្បីទៅលេងឲ្យក្លិប Juventus នោះ បានទទួលស្គាល់ថា កីឡាករទាំង២ មិនមានទំនាក់ទំនងគ្នាជិតស្និទ្ធិឡើយ។ Ronaldo បានប្រាប់ទូរទស្សន៍ TVI នៅព័រទុយហ្គាល់ថា៖ «ខ្ញុំពិតជាកោតសរសើរអាជីពដែលរូបគេមាន និងពីក្រុមរបស់គេ។ រូបគេបាននិយាយពីការខកចិត្តរួចជាស្រេចនៅពេលដែលខ្ញុំបានចាកចេញពីអេស្ប៉ាញ ពីព្រោះវាជាការប្រជែងគ្នាមួយដែលរូបគេចូលចិត្ត»។

កីឡាកររូបនេះបានបន្ថែមទៀតថា៖ «វាជាការប្រជែងគ្នាដ៏ល្អមួយ ប៉ុន្តែ មិនមែនប្លែកពីគេឡើយ។ កីឡាករ Michael Jordan មានគូប្រជែងជាច្រើនក្នុងកីឡាបាល់បោះ កីឡាករ Ayrton Senna និង Alain Prost ប្រជែងគ្នាក្នុងការប្រណាំងរថយន្ត Formula 1។ រឿងដែលពួកគេមានជាធម្មតា គឺថា ពួកគេប្រជែងគ្នាដើម្បីភាពល្អ»។ Ronaldo និង Messi បានឈ្នះពានរង្វាន់បាល់មាស Ballon d’Or ៥លើកដូចគ្នា ដើម្បីក្លាយជាកីឡាករពោរពេញដោយភាពត្រចះត្រចង់៕

ប្រភពព័ត៌មាន៖ Channel News Asia