ក្រុម Liverpool និង Chelsea កំពុង​តែ​សម្លឹង​រក​ការ​ឈ្នះ​ពាន​​នៅ​ដើម​រដូវ​កាល​នេះ ខណៈ​ដែល​គូ​ប្រជែង​ក្នុង​ក្រប​ខ័ណ្ឌ Premier League ទាំង​២ នឹង​ត្រូវ​ជួប​គ្នា​ក្នុង​កាប្រកួត​ដណ្តើម​ពាន UEFA Super Cup ក្នុង​ទីក្រុង Istanbul កាលពី​ថ្ងៃ​ពុធ​។ នេះ​គឺ​ជា​ការ​ប្រកួត​ដំបូង​​គេក្នុង​កីឡា​បាល់​ទាត់​អឺ​រ៉ុប​ផ្នែក​បុរស ដែល​ត្រូវ​បាន​​កាត់​សេចក្តី​ដោយ​អាជ្ញា​កណ្តាល​ជាស្ត្រី នៅពេល​ដែល​​អ្នក​ស្រី Stephanie Frappart សញ្ជាតិ​បារាំង នឹង​ទទួល​តួនា​ទី​ជា​អាជ្ញា​​កណ្តាល​។

ក្រុម Liverpool រ​បស់​លោក Jurgen Klopp នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ​ទាំង​ការ​ជឿជាក់ និង​សង្ឃឹម​​ថា អាច​លើក​ពាន ក្រោយពី​ពួក​គេ​បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Champions League កាលពី​ខែមិថុនា ដើម្បី​បញ្ចប់​ការ​មិនស្គាល់​ឈ្នះ​ពាន​សោះ​ត្រឹម​៧​ឆ្នាំ​។ ផ្ទុយ​ទៅវិញ ក្រុម Chelsea បាន​បាត់​បង់​តារាឆ្នើម Eden Hazard ចាប់​តាំងពីការ​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Europa League និង​បាន​ជំនួស​កន្លែង​​របស់​លោក Maurizio Sarri ជា​មួយនឹង​គ្រូបង្វឹក​គ្មាន​បទពិសោធ​​លោក Frank Lampard ក្នុង​នាម​ជា​គ្រូបង្វឹក​។ អាជីព​ក្នុងនាម​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​​លោក Lampard នៅ​ឯ​ក្លិប​ដែល​រូប​គេ​បាន​ទទួល​ជោគ​ជ័យ​ដ៏​ធំ​ធេង​ក្នុងនាម​ជាកីឡាករ​ម្នាក់ បាន​ចាប់​ផ្តើម​យ៉ាង​ខក​ចិត្ត ក្រោយពី​ក្រុម Chelsea បាន​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ៤-០ ក្រោមស្នា​ដៃក្រុម Manchester United កាលពីថ្ងៃ​អាទិត្យ​។

ទោះ​បី​ជា​យ៉ាង​ណា លោក Jurgen Klopp បាន​​តឿន​រំ​​ឭក​ឲ្យ​​ក្រុម Liverpool របស់​លោក ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ក្រុម​ Chelsea ដែល​ស្ថិត​ក្រោម​ការដឹកនាំ​របស់​លោក Lampard។ លោក Klopp ដែល​បាន​ដឹកនាំ​ឲ្យ Liverpool ផ្តួល Norwich ៤-១ កាលពីថ្ងៃ​ប្រកួត​បើកឆាកនោះ បាន​ឲ្យ​ដឹង​ថា៖ «ប្រសិន​បើ​អ្នក​មើល​តែ​លើ​លទ្ធ​ផល អ្នក​មិន​ដឹង​ពី​កម្រិត​នៃ​ការ​ប្រកួត​ឡើយ ពី​ព្រោះ​វា​គឺ​ជា​ការ​ប្រកួត​ដ៏ល្អ​មួយ​។ ពួកគេ​គឺ​ជា​ក្រុម​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​លោក Frank បាន​រៀប​ចំ​​យ៉ាងល្អ ខណៈ​ដែល​ធ្វើ​ការ​ងារ​ដ៏អស្ចារ្យ​កាលពី​ឆ្នាំ​មុននៅ​ក្លិប Derby​»​៕