ក្លិប​​មាន់​ខ្នាយ​មាស Tottenham បាន​​នាំ​​​មុខ​គេ​នៅ​ថ្ងៃ​​ចុង​ក្រោយ​ដ៏​មមា​ញឹក​នៃ​ការ​ដោះដូរ​កីឡាករ​របស់​ក្រប​ខ័ណ្ឌ Premier League តាម​រយៈ​ការ​បំពេញ​ការ​នាំ​យក​ខ្សែ​បម្រើ Giovani lo Celso និង Ryan Sessegnon ស្រប​ពេល​ដែលក្លិប Arsenal បាន​ពង្រឹង​តំបន់​ការ​ពារ​របស់​ខ្លួន ជា​មួយ​នឹង​ការ​ចុះហត្ថលេខា​ជាមួយ​​នឹង​កីឡាករ Kieran Tierney និង David Luiz​។ ជា​មួយ​គ្នា​នេះ ការ​ផ្ទេរ​ដែល​មាន​ការ​អូស​បន្លាយ​ពេល​ដ៏យូរ​របស់​ខ្សែ​ប្រយុទ្ធ Romelu Lukaku ពី​ក្លិប Manchester United ទៅ​កាន់​ក្លិប Inter Milan ក៏​ត្រូវ​បាន​បំពេញ​ផងដែរ ក្រោយពី​ក្លិប​ទាំង​២​បាន​យល់​ព្រម​លើ​​ការ​ផ្ទេរ​មួយ​ដែល​អាច​នឹង​មាន​តម្លៃខ្លួន​ដល់​ទៅ​៨០​លាន​អឺ​រ៉ូ (ស្មើ​នឹង​៩០​លាន​ដុល្លារ​អាមេរិក​)​។

លោក Daniel Levy ដែល​ជា​ប្រធានក្លិប​របស់ Spurs បាន​ស្ថិត​ក្រោម​សម្ពាធ ពី​អ្នក​ចាត់​ការ​ទូទៅ​លោក Mauricio Pochettino ដើម្បី​​អភិវឌ្ឍ​ក្រុម​ទាំង​នៅ​ក្នុង និង​ក្រៅ​ទីលាន ខណៈ​ដែល Tottenham បាន​ប្តូរ​ទៅ​កាន់​កីឡាដ្ឋាន ដែល​អាច​ផ្ទុក​អ្នក​ទស្ស​នា​បាន​៦២.០០០នាក់​វិញ និង​បាន​ឈាន​​ទៅកាន់​ការ​ប្រកួត​​ក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ កាលពី​រដូវកាល​មុន​។

ក្រោយពី​ក្លិប​នេះ បាន​ចុះហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​បម្រើ​អន្តរ​ជាតិ​បារាំង Tanguy Ndombele ការ​នាំ​យក Lo Celso និង Sessegnon នឹង​បន្ថែម​ភាពខ្លាំង​ក្នុងក្រុម​របស់​ Spurs ដែល​មិន​បាន​​ទិញ​ចូល​កីឡាករ​ថ្មី​សោះ​ក្នុង​រយៈ​​ពេល​១៨​ខែ​​។ ក្រោយពី​បាន​នាំ​យកខ្សែ​ការ​ពារ Tierney ក្នុង​តម្លៃ​ខ្លួន​២៥​លាន​ផោន ពីក្លិប Celtic ក្លិប Arsenal បាន​បំពេញ​ការ​នាំ​យក Luiz ពី Chelsea ក្នុង​តម្លៃ​ខ្លួន​៨​លាន​ផោន​៕