ក្លិបមាន់ខ្នាយមាស Tottenham បាននាំមុខគេនៅថ្ងៃចុងក្រោយដ៏មមាញឹកនៃការដោះដូរកីឡាកររបស់ក្របខ័ណ្ឌ Premier League តាមរយៈការបំពេញការនាំយកខ្សែបម្រើ Giovani lo Celso និង Ryan Sessegnon ស្របពេលដែលក្លិប Arsenal បានពង្រឹងតំបន់ការពាររបស់ខ្លួន ជាមួយនឹងការចុះហត្ថលេខាជាមួយនឹងកីឡាករ Kieran Tierney និង David Luiz។ ជាមួយគ្នានេះ ការផ្ទេរដែលមានការអូសបន្លាយពេលដ៏យូររបស់ខ្សែប្រយុទ្ធ Romelu Lukaku ពីក្លិប Manchester United ទៅកាន់ក្លិប Inter Milan ក៏ត្រូវបានបំពេញផងដែរ ក្រោយពីក្លិបទាំង២បានយល់ព្រមលើការផ្ទេរមួយដែលអាចនឹងមានតម្លៃខ្លួនដល់ទៅ៨០លានអឺរ៉ូ (ស្មើនឹង៩០លានដុល្លារអាមេរិក)។
លោក Daniel Levy ដែលជាប្រធានក្លិបរបស់ Spurs បានស្ថិតក្រោមសម្ពាធ ពីអ្នកចាត់ការទូទៅលោក Mauricio Pochettino ដើម្បីអភិវឌ្ឍក្រុមទាំងនៅក្នុង និងក្រៅទីលាន ខណៈដែល Tottenham បានប្តូរទៅកាន់កីឡាដ្ឋាន ដែលអាចផ្ទុកអ្នកទស្សនាបាន៦២.០០០នាក់វិញ និងបានឈានទៅកាន់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ កាលពីរដូវកាលមុន។
ក្រោយពីក្លិបនេះ បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិបារាំង Tanguy Ndombele ការនាំយក Lo Celso និង Sessegnon នឹងបន្ថែមភាពខ្លាំងក្នុងក្រុមរបស់ Spurs ដែលមិនបានទិញចូលកីឡាករថ្មីសោះក្នុងរយៈពេល១៨ខែ។ ក្រោយពីបាននាំយកខ្សែការពារ Tierney ក្នុងតម្លៃខ្លួន២៥លានផោន ពីក្លិប Celtic ក្លិប Arsenal បានបំពេញការនាំយក Luiz ពី Chelsea ក្នុងតម្លៃខ្លួន៨លានផោន៕