ទីបំផុតក្រុមកាំភ្លើងធំ Arsenal បានលក់ខ្សែការពារ Laurent Koscielny ទៅអោយក្រុម Bordeaux ដែលស្ថិតនៅលីគកំពូល Ligue ១របស់បារំាងក្នុងតម្លៃ ៥ លានអឺរ៉ូ (៤.៦ លានផោន) ។ ខ្សែការពារកណ្តាលវ័យ ៣៣ ឆ្នាំរូបនេះបានទទួលការពិនិត្យសុខភាពកាលពីថ្ងៃអង្គារ ជាមួយដំណើរវិលត្រឡប់ទៅប្រទេសបារាំងវិញបន្ទាប់ពីបានចំណាយពេល ៩ ឆ្នាំជាមួយក្លិបនៅលីកកំពូលអង់គ្លេស Premier League ។
ក្លិបបានខិតខំបញ្ចុះបញ្ចូលដើម្បីអោយរូបគេបន្តលេង បើទោះបីជាកិច្ចសន្យាកីឡាករអន្តរជាតិបារាំង រូបនេះ នៅសល់មួយឆ្នាំទៀតប៉ុណ្ណោះ នៅឯកីឡាដ្ឋាន Emirates Statdium ។ ប៉ុន្តែមុនចាប់ផ្តើមរដូវកាលថ្មី២០១៩-២០២០នេះ Koscielny បានស្នើសុំការផ្ទេរដោយគ្មានតម្លៃខ្លួន ហើយបានបដិសេធមិនធ្វើដំណើរប្រកួតកំដៅសាច់ដុំមុនបើករដូវកាលនៅសហរដ្ឋអាមេរិកនិងការប្រកួតផ្សេងៗជាមួយក្លិបនោះទេ។
ក្រោយការចាកចេញរបស់ខ្សែការពារជើងចាស់រូបនេះ Arsenal សង្ឃឹមថានឹងទិញបាន ខ្សែការពារកណ្តាលថ្មីមុនពេលទីផ្សារផ្ទេរកីឡាករនៅ Premier League និងបិទ នៅម៉ោង ១៧:០០ ល្ងាចនា ថ្ងៃព្រហស្បតិ៍ខាងមុខ ស្របពេលដែលលោក Unai Emery នៅតែចាប់អារម្មណ៍ចង់បានខ្សែការពារស្លាបឆ្វេង Kieran Tierney សញ្ជាតិស្កុតលែនវ័យ២២ ឆ្នាំរបស់ក្រុម Celtic ដែលកំពុងរងរបួសក៏ដោយ។
ប្រភពព័ត៌មាន: bbc