ប៉ូលិស​ក្នុង​ប្រទេស​ប្រេស៊ីល បានប​ញ្ជាក់​ថា ករណី​ចោទ​ប្រកាន់​លើ Neymar ទាក់​ទង​នឹង​ករណី​រំលោភ ត្រូវ​បាន​បិទ​សំណុំ​រឿង​ហើយ ដោយ​សារ​តែ​គ្មាន​ភស្តុ​តាង​គ្រប់គ្រាន់ បន្ទាប់​ពីការ​ស៊ើប​អង្កេត​ផ្សេង​ៗ​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​មេធាវី​ប្រចាំ​ទីក្រុង Sao Paulo កាលពីថ្ងៃ​ច័ន្ទ​។

សេចក្តី​សម្រេច​នេះ នឹង​ត្រូវ​ផ្ញើរ​ទៅ​ឲ្យ​រដ្ឋ​អាជ្ញា នៅ​ត្រឹម​ថ្ងៃ​អង្គារ​នេះ ហើយ​សេចក្តីសម្រេច​​ចុង​ក្រោយ នឹង​ត្រូវ​ធ្វើ​ឡើង បន្ទាប់​ពីការ​​វាយ​តម្លៃ​ផ្សេង​ៗ​ក្នុង​ចន្លោះ​ពេល​១៥​ថ្ងៃ ក្រោយពី​ទទួលបាន​សេចក្តី​សម្រេច​ពី​ប៉ូលិស​។ សេចក្តី​សម្រេច​​ចុង​ក្រោយ នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ចៅ​ក្រម​ម្នាក់ ទើប​អាច​យក​ជាផ្លូវ​ការ​បាន​។ Neymar បាន​ច្រានចោល​​យ៉ាង​ដាច់​អហង្កា​ចំពោះ​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​ថា រូប​គេ​បាន​រំលោភ​ស្ត្រី​ប្រេស៊ីល​ម្នាក់ នៅ​សណ្ឋា​គារ​មួយ​ក្នុង​ទីក្រុង​ប៉ា​រីស កាល​ពី​ខែ​ឧស​ភា​។

រឿង​រ៉ាវ​ស្នេហ៍​លួច​លាក់​មួយនេះ ដែល​បាន​ផ្តល់​នូវ​ការ​​ចាប់​អារម្មណ៍​ខ្លាំង​នៅ​លើ​បណ្តាញ​សារ​ព័ត៌​​មាន​នា​នា និង​​នាំ​ឲ្យ​មានការ​​ជជែក​គ្នា​ជាច្រើន​ក្នុង​ប្រទេស​ដែល​ឆ្កួត​នឹង​កីឡា​បាល់​​ទាត់​អស់​រយៈ​ពេល​ជាច្រើន​ខែ​នោះ ត្រូវ​បាន​បាំង​បិទ​ ដោយ​សារ​តែ​ការ​ត្រៀម​លក្ខណៈ​របស់​ប្រេស៊ីល សម្រាប់​យុទ្ធនាការ Copa America​។ ក្រុម​ម្ចាស់​ផ្ទះ​ប្រេស៊ីល បាន​បន្ត​ឈ្នះ​ពាន​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ត្បូង​មួយ​នេះ ដោយ​គ្មាន​តា​រាឆ្នើម​របស់​ខ្លួន ក្រោយ​ពី Neymar បាន​រង​​របួស ក្នុង​ការ​ប្រកួតមិត្ត​ភាព​មួយ នៅមុន​ពេល​ការ​ប្រកួត​បើកឆាក​៕

ប្រភព​ព័ត៌​មាន៖ The Guardian