ប៉ូលិសក្នុងប្រទេសប្រេស៊ីល បានបញ្ជាក់ថា ករណីចោទប្រកាន់លើ Neymar ទាក់ទងនឹងករណីរំលោភ ត្រូវបានបិទសំណុំរឿងហើយ ដោយសារតែគ្មានភស្តុតាងគ្រប់គ្រាន់ បន្ទាប់ពីការស៊ើបអង្កេតផ្សេងៗ។ នេះបើយោងទៅតាមការបញ្ជាក់របស់មេធាវីប្រចាំទីក្រុង Sao Paulo កាលពីថ្ងៃច័ន្ទ។
សេចក្តីសម្រេចនេះ នឹងត្រូវផ្ញើរទៅឲ្យរដ្ឋអាជ្ញា នៅត្រឹមថ្ងៃអង្គារនេះ ហើយសេចក្តីសម្រេចចុងក្រោយ នឹងត្រូវធ្វើឡើង បន្ទាប់ពីការវាយតម្លៃផ្សេងៗក្នុងចន្លោះពេល១៥ថ្ងៃ ក្រោយពីទទួលបានសេចក្តីសម្រេចពីប៉ូលិស។ សេចក្តីសម្រេចចុងក្រោយ នឹងត្រូវធ្វើឡើងដោយចៅក្រមម្នាក់ ទើបអាចយកជាផ្លូវការបាន។ Neymar បានច្រានចោលយ៉ាងដាច់អហង្កាចំពោះការចោទប្រកាន់ផ្សេងៗថា រូបគេបានរំលោភស្ត្រីប្រេស៊ីលម្នាក់ នៅសណ្ឋាគារមួយក្នុងទីក្រុងប៉ារីស កាលពីខែឧសភា។
រឿងរ៉ាវស្នេហ៍លួចលាក់មួយនេះ ដែលបានផ្តល់នូវការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសារព័ត៌មាននានា និងនាំឲ្យមានការជជែកគ្នាជាច្រើនក្នុងប្រទេសដែលឆ្កួតនឹងកីឡាបាល់ទាត់អស់រយៈពេលជាច្រើនខែនោះ ត្រូវបានបាំងបិទ ដោយសារតែការត្រៀមលក្ខណៈរបស់ប្រេស៊ីល សម្រាប់យុទ្ធនាការ Copa America។ ក្រុមម្ចាស់ផ្ទះប្រេស៊ីល បានបន្តឈ្នះពានប្រចាំទ្វីបអាមេរិកខាងត្បូងមួយនេះ ដោយគ្មានតារាឆ្នើមរបស់ខ្លួន ក្រោយពី Neymar បានរងរបួស ក្នុងការប្រកួតមិត្តភាពមួយ នៅមុនពេលការប្រកួតបើកឆាក៕
ប្រភពព័ត៌មាន៖ The Guardian