​​មាន​ហេតុ​ផល​សំខាន់ៗ​៤​ដែល​អ្នក​គាំទ្រ​នៅ​កម្ពុជា​ត្រូវ​តែ​​​តាម​ដាន​​​​នៅ​សង្វៀន​ ONE: DAWN OF HEROES ​​​​​​នៅ​ថ្ងៃ​ទី​ ២​ ខែ​សីហា​ ឆ្នាំ ២០១៩​ ​ខាង​មុខ​នៅ​ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន។ អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Lightweight World Champion ​ កីឡាករ​ Eddie Alvarez និង EDUARD FOLAYANG ​ចូល​ខ្លួន​មក​ប្រកួត​​ក្នុង​កម្មវិធី​ ONE Lightweight World Grand Prix ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ បន្ទាប់​ពី​ Timofey Nastyukhin ដក​ខ្លួន​ដោយ​សារ​របួស។ ​​

ជើង​ខ្លាំង​​​គ្រង​ខ្សែ​​ក្រវាត់​ជា​ច្រើន​ខាង​គុន​​ចម្រុះ​​ សញ្ជាតិ​អាមេរិក​ Demetrious Johnson ​ជួប​ជើង​ខ្លាំង​​ជប៉ុន​ TATSUMITSU WADA។​ ​​ចំណែក​ Koyomi Matsushima ​​ចូល​ខ្លួន​មក​ដណ្ដើម​ខ្សែ​ក្រវាត់​នឹង​កីឡាករ​ម្ចាស់​ខ្សែ​ក្រវាត់​​កូន​កាត់​វៀតណាម​អូស្ត្រាលី​​ Martin Nguyen។ ​រី​ឯ​ Rodtang Jitmuangnon ​ដែល​អ្នក​គាំទ្រ​កម្ពុជា​ស្គាល់​ច្បាស់​​​​​ថា​ផ្ដួល​ សុខ ធី ឲ្យ​​​​​ចុះ​ចាញ់​​កាល​ខែ ឧសភា​ នោះ​​ត្រូវ​ណ្ដើម​ខ្សែ​ក្រវាត់​ FLYWEIGHT MUAY THAI WORLD CHAMPIONSHIP​ ពី​ Jonathan Haggerty។

១-កីឡាករ​ Eddie Alvarez និង EDUARD FOLAYANG ​ចូល​ខ្លួន​មក​ប្រកួត​​ក្នុង​កម្មវិធី​ ONE LIGHTWEIGHT World Grand Prix ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ

​ម្ចាស់​ខ្សែ​ក្រវាត់​ច្រើន​​​របស់​អាមេរិក​ Eddie Alvarez ​ត្រូវ​តតាំង​​នឹង​​អតីត​​​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Lightweight World Champion ​​សញ្ជាតិ​ហ្វីលីពីន​ EDUARD FOLAYANG។ ​ជើង​​ឯក​ Lightweight World Champion ​៤​សម័យ​កាល​គឺ​​កីឡាករ​គុន​ចម្រុះ​ដ៏​អស្ចារ្យ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ។​ Alvarez ​រំពឹង​ថា​នឹង​​ឈ្នះ​​​​កីឡាករ​ម្ចាស់​ផ្ទះ​ហ្វីលីពីន​ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​ខាង​លើ។​​​ ចំណែក​ FOLAYANG ក៏​មិន​មែន​ធម្មតា​ដែរ​ ​ព្រោះ​គេ​​ធ្លាប់​គ្រង​ខ្សែ​ក្រវាត់ ONE Lightweight World Champion។ អ្នក​ស្រុក​ Baguio ​ចូល​រួម​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន និង​ ឈ្នះ​មេដាយ​មាស​ជា​​ច្រើន​ហើយ​ក្លាយ​ជា​វីរបុរស​​នៃ​ប្រទេស​នេះ។ កូន​សិស្ស​មក​ពី​​ក្លិប​ Team Lakay ឈ្នះ​ជើង​​ឯក Filipino Welterweight Championship កាល​ឆ្នាំ ២០០៧​ និង ​​​​បង្ហាញ​ខ្លួន​​​ជា​គូ​​ឯក​នៅ ONE CHAMPIONSHIP នៅ​ឆ្នាំ ២០១១។ ​​អ្នក​ឈ្នះ​រវាង​គូ​នេះ​ នឹង​​ឡើង​ជួប​ Saygid Guseyn Arslanaliev នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់​​ ONE LIGHTWEIGHT WORLD GRAN PRIX។

​២-​ជើង​ខ្លាំង​អាមេរិក​ Demetrious Johnson ​ប៉ះ​​ TATSUMITSU WADA

​មិន​មែន​ជា​រឿង​ធម្មតា​ទេ​ ជើង​ខ្លាំង​​សញ្ជាតិ​អាមេរិក​​ Demetrious Johnson ​មាន​ប្រវត្តិ​​ល្អ​ខ្លាំង​​ក្នុង​ពិភព​គុន​ចម្រុះ ​​និង​​ ឈ្នះ​ខ្សែ​ក្រវាត់​ជា​ច្រើន​​ត្រូវ​ ​ប៉ះ​​ TATSUMITSU WADA​ មក​ពី​ជប៉ុន។ ​បុរស​វ័យ​ ៣២ ​ឆ្នាំ​រូប​នេះ​មាន​បទ​ពិសោធន៍​ជោកជាំ។ ​មុនជំនួប​នេះ ​ Johnson ​​ឈ្នះ​ Yuya Wakamatsu ​កាល​ចុង​ខែ​ ​មីនា​ នៅ​សង្វៀន​ ONE: A NEW ERA។ ​ចំណែក​ ​TATSUMITSU WADA ​មិន​មែន​​ចេះ​តែ​ស៊ី​​បាន​តាម​ចិត្ត​ទេ ពោល​​​ ឈ្នះ​ ២១ និង ​ចាញ់​ ១០ ​ដង​ក្នុង​ការ​ប្រកួត​នៅ​​សង្វៀន​គុន​ចម្រុះ។ ​​រវាង​ Johnson និង​ WADA ​ត្រូវ​គេ​ចាត់​ទុក​ជា​គូ​​កក្រើក​ និង ល្អ​មើល​នា​ថ្ងៃ​ទី​ ២ ខែ ​សីហា​ ខាង​មុខ។

៣-​អ្នក​លេង​គុន​ចម្រុះ​កំពុង​ឡើង​កូដ​ Koyomi Matsushima ​​ត្រូវ​ប្រជែង​ខ្សែ​ក្រវាត់​ជា​មួយ​​​កូន​កាត់​វៀតណាម​អូស្ត្រាលី​​ Martin Nguyen

នេះ​ជា​ការ​​រង់​ចាំ​រយៈ​​ពេល​១​ ឆ្នាំ​ទើប​​ជើង​ខ្លាំង​សញ្ជាតិ​ជប៉ុន​ Koyomi Matsushima ​ឬ ​ហៅ​​ ​«Moushigo» ​បាន​ជួប​គូ​ប្រកួត​​ដែល​​គេ​ទន្ទឹង​​​ជា​យូរ​មក​ហើយ។ ​ជើង​ខ្លាំង​គុន​ចម្រុះ​សញ្ជាតិ​ជប៉ុន​​នឹង​​ឡើង​មក​ដណ្ដើម​​​ខ្សែ​ក្រវាត់​​ ONE Featherweight World Title ​​ពី​ ​កីឡាករ​​ល្អ​​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ ONE, Martin Nguyen។ បុរស​វ័យ​ ២៦ ​ឆ្នាំ​មក​ពី​​ Yokohama ​ ឡើង​ប៉ះ​ជើង​ខ្លាំង​នេះ​បន្ទាប់​ពី​រូប​គេ​​ទទួល​លទ្ធផល​​​ល្អ​ដោយ​ផ្ដួល​ប្រុស​ស្អាត​​មក​ពី​កូរ៉េ​ខាង​ត្បូង​ Kwon Won Il ​នៅ​ទឹក​ទី៣​​នា​ពេល​កន្លង​ទៅ។​ យ៉ាង​​ណា​​ក្ដី​ Matsushima ​ជឿ​ជាក់​ថា​គេ​សម​​​​នឹង​ទទួល​​ការ​ប្រកួត​ដ៏​សំខាន់​នេះ​បន្ទាប់​ពី​​​បង្ហាញ​ខ្លួន​ដំបូង​​នៅ​សង្វៀន​ ONE ​​ពេល​​វាយ​ Marat “Cobra” Gafurov ​​អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​​ពិភព​លោក​ ONE Featherweight World Champion ​​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី១។ ​«Moushigo» ថ្លែង​បែប​នេះ ៖«​​​ខ្ញុំ​មាន​អារម្មណ៍​ថា​​ខ្ញុំ​រីក​ចម្រើន​​ដោយ​សារ​ក្ដី​ស្រលាញ់។ ខ្ញុំ​នៅ​មាន​អារម្មណ៍​ដក់​ជាប់​​​ពេល​វ៉ៃ​ជា​មួយ​ Gafurov។ ​យ៉ាង​​ណា​ក៏​ដោយ​ ​ខ្ញុំ​​មាន​លក្ខណៈ​ល្អ​ប្រសើរ ​ពេល​ហាត់​រាល់​ថ្ងៃ។ ខ្ញុំ​​ពិត​​ជា​ខ្លាំង​ជាង​កាល​ ១ ​ឆ្នាំ​មុន»។​ តើ​​​​កូន​កាត់​វៀតណាម​អូស្ត្រាលី​​ Martin Nguyen អាច​ការពារ​ខ្សែ​ក្រវាត់​​ទល់​នឹង Koyomi Matsushima ​​បាន​ទេ?

​៤-​រី​ឯ​ជើង​ខ្លាំង​​​អ្នក​គាំទ្រ​នៅ​កម្ពុជា​ទទួល​ស្គាល់​នោះ​ Rodtang Jitmuangnon ដែល​​ផ្ដួល​ សុខ ធី ឲ្យ​ចុះ​ចាញ់​​​​​កន្លង​មក​ត្រូវ​ដណ្ដើម​ខ្សែ​ក្រវាត់​ FLYWEIGHT MUAY THAI WORLD CHAMPIONSHIP

មុន​ឡើង​មក​ដណ្ដើម​ខ្សែ​ក្រវាត់​នេះ​ ​ពី​ Jonathan Haggerty ​ជើង​ខ្លាំង​​ប្រដាល់​ Kickboxing ​របស់​ថៃ​ ​ Rodtang Jitmuangnon បាន​ឈ្នះ​ ៤ ប្រកួត​ជាប់​គ្នា​នៅ​​សង្វៀន​ ONE។ Rodtang ​ដែល​មាន​រហស្ស​នាម​ថា​មនុស្ស​ដែក ឬ ​«Iron Man» ​​​នេះ​បាន​​វាយ​ ​ជើង​ខ្លាំង​​កម្ពុជា​ សុខ ធី ​ឲ្យ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី២​ ប៉ុណ្ណោះ​ដោយ​ទាត់​ជើង​​ក្រោម​​កាល​ខែ​ ឧសភា។​ ​ចំណែក​ Haggerty មិន​​មែន​ធម្មតា​ទេ​ ​ហើយ​បច្ចុប្បន្ន​គេ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​៣ ស្ថាប័ន​ ​ដូច​ជា​ ONE Flyweight Muay Thai Championship, WBC Muay Thai Super Featherweight Champion, និង​ ISKA World Super Featherweight Champion។ កីឡាករ​មក​ពី​ចក្រ​ភព​អង់គ្លេស​រូប​នេះ​បាន​​ ឈ្នះ​ SAM A ​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ ONE Flyweight Muay Thai Championship កាល​ខែ ឧសភា កន្លង​ទៅ។ ​តើ ​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight Muay Thai Championship ​ថ្មី​ជា​អ្នក​ណា?

អត្ថបទ៖ ស៊ីធី