វី ស្រីខួច ជាកីឡាការិនីប្រដាល់សកលជម្រើសជាតិម្នាក់ដូច នៅ ស្រីពៅ និង ជាក្ដីសង្ឃឹមថាធ្វើបានល្អនៅស៊ីហ្គេមចុងឆ្នាំនេះ។ វី ស្រីខួច នឹងចេញទៅបោះជំរំហ្វឹកហាត់នៅប្រទេសជប៉ុនចាប់ពីថ្ងៃទី១ ខែ កញ្ញា តទៅ ដើម្បីត្រៀមខ្លួនឲ្យបានល្អសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមចុងឆ្នាំ២០១៩ នេះ។ ការចេញទៅហ្វឹកហាត់នៅប្រទេសជប៉ុនចាប់ពីដើមខែ កញ្ញា នឹងបន្តរហូតដល់ថ្ងៃចេញទៅប្រកួតនៅស៊ីហ្គេមលើកទី៣០ ដែលរៀបចំនៅហ្វីលីពីន ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

វី ស្រីខួច ដែលមានបទពិសោធន៍ចូលរួមស៊ីហ្គេមឆ្នាំ២០១៧ នោះបានគូសបញ្ជាក់ថា៖ «ខ្ញុំមានតែការខំប្រឹងប៉ុណ្ណោះ ដើម្បីទទួលបានលទ្ធផលល្អ។ ខ្ញុំសង្ឃឹមថាការហ្វឹកហាត់នៅជប៉ុនបូករួមទាំងការហ្វឹកហាត់នៅស្រុកខ្មែរជាយូរមកនេះធ្វើឲ្យការប្រកួតរបស់ខ្ញុំកាន់តែប្រសើរឡើង»។ ស្រីខួច ដែលមានបទពិសោធន៍នៅសង្វៀន ONE រំលឹកតទៀតបែបនេះ៖ «ខ្ញុំមានអារម្មណ៍ថា កម្លាំងស៊ុហ្វ ខ្ញុំល្អជាងមុន ទោះខ្ញុំឡើងគីឡូជាង៥០ ដល់ ៦១គីឡូក្រាមពេលនេះក្ដី។

ពេលខ្ញុំឡាំគ្នាពេលហ្វឹកហាត់ ឬ វ៉ៃឆ្លាស់គូគ្នាអី អត់ឆាប់អស់ដូចមុនទេ»។ កីឡាការិនីរូបនេះចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិដែលប្រមូលផ្ដុំដោយក្រសួងអប់រំ យុវជន និង កីឡានៅពហុកីឡដ្ឋានជាតិប្រមាណជា ៤ ខែមកហើយជាមួយគ្រូប្រដាល់ជម្រើសជាតិដូចជាលោក Rolando Castellano Rodriquez ជនជាតិគុយបា លោក វ៉ែន សុផល, លោក ជ័យ ណារ៉ា, និង លោក ឡុង សាលីន។ ពេលវេលានៃការហ្វឹកហាត់គឺ ព្រឹកចាប់ពីម៉ោង ៦ ដល់ ម៉ោង ៩ ព្រឹក, និង រសៀលពីម៉ោង ២ កន្លះ ដល់ម៉ោង ៥ ល្ងាចពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ប៉ុន្តែថ្ងៃសៅរ៍ ហ្វឹកហាត់១ព្រឹក។

បែបណាក្ដី កីឡាការិនីឡើងសង្វៀនអន្តរជាតិ ONE ចំនួន ៤លើករូបនេះបានត្អូញត្អែរកន្លងមកថា វាជាការលំបាកបន្តិចសម្រាប់កីឡាការិនីប្រដាល់សកលជម្រើសជាតិ ព្រោះបានតែហ្វឹកហាត់ និង ឡាំគ្នាជាមួយកីឡាករ ប៉ុន្តែកម្រមានគូប្រកួតឡើងរេញដើម្បីឲ្យសុំាមុនទៅប្រកួតស៊ីហ្គេមតំណាងឲ្យជាតិ។

ក្នុងនាមគ្រូបង្វឹកប្រដាល់សកលជម្រើសជាតិ លោក វ៉ែន សុផល បានបញ្ចេញទស្សនៈចំពោះវី ស្រីខួចថា៖ «ខ្ញុំរំពឹងថា ទាំង វី ស្រីខួច និង នៅ ស្រីពៅ ទទួលបានការហ្វឹកហាត់ល្អនៅជប៉ុន។ ការហ្វឹកហាត់នោះនឹងធ្វើឲ្យសមត្ថភាពកើនឡើងជាមួយគ្រូនៅជប៉ុនដែលមានទំនាក់ទំនងបញ្ជូនទៅនោះ»។ លោកសង្កត់ធ្ងន់ថា៖ «ការហាត់នៅជប៉ុន នឹងតឹងរ៉ឹងជាងក្នុងស្រុក ព្រោះផ្ដោតតែលើកហ្វឹកហាត់មួយមុខ មិនអាចគិតរឿងច្រើនដូចនៅស្រុក ដែលកូនសិស្សអាចសុំច្បាប់ទៅកម្មវិធីនេះ នោះ ឬ កម្មវិធីផ្ទាល់ខ្លួនជាដើម»។

ក្នុងវិញ្ញាសាប្រដាល់សកលនៅស៊ីហ្គេម កម្ពុជាគ្រោងបញ្ជូនកីឡាករចំនួន ៦នាក់ក្នុង ក្នុងនោះកីឡាករ ៤នាក់ និង កីឡាការិនី ២នាក់។ ដូច្នេះមាន ៣នាក់បន្តហ្វឹកហាត់នៅក្នុងស្រុករហូតដល់ព្រឹត្តិការណ៍ស៊ីហ្គេម។

កីឡាការិនី វី ស្រីខួច លំបាករកដៃគូប្រកួតក្នុងស្រុកដូច នៅ ស្រីពៅ ដែរ ដោយហេតុថា កីឡាការិនីប្រដាល់មាតិច។ វី ស្រីខួច បានចូលហ្វឹកហាត់ប្រដាល់ ជាមួយបងប្រុសបង្កើតឈ្មោះ វី សាវុធ នៅក្លិបឥន្ទ្រីកីឡា ដែលមានគ្រូបង្វឹកលោក ដួង បូរី ។ ក្លិបប្រដាល់នេះស្ថិតនៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បន្ទាប់មក ស្រីខួជមានទីផ្សារហូរហែរហូតដល់ខ្វះគូប្រកួត។ ក្រៅពីប្រកួតប្រដាល់សេរីនៅលើសង្វៀនតាមទូរទស្សន៍នាពេលកន្លងមក កូនសិស្សលោកវ៉ែន សុផល ទទួលបានការអញ្ជើញចូលរួមលើសង្វៀនអន្តរជាតិ ONE ចំនួន ៤ ដងក្នុងនោះឈ្នះ ២ដង និង ចាញ់ ២ ដង៕