Demetrious Johnson ឬ រហស្សនាមថា «Mighty Mouse» បានធំធាត់ក្នុងសភាពធ្វើបាបរបស់ឪពុកចុង ប៉ុន្តែ រូបគេបានរៀនច្រើនអំពីការលំបាកទាំងនោះកាលនៅកុមារភាពដើម្បីក្លាយជាសសរទ្រូងគំរូនៅក្នុងគ្រួសារ និង ជាកីឡាករគំរូទូទៅម្នាក់ក្នុងលោក។ កីឡាកររូបនេះមិនជឿទេថា ភាពឈឺចាប់អាចជាវាសនាកំណត់រូបគេនោះ។ ផ្ទុយទៅវិញ ការជម្នះរាល់ឧបសគ្គ បានធ្វើឲ្យជីវិតរបស់គេខ្ពស់ត្រដែតឡើង។

ជើងខ្លាំងគុនចម្រុះសញ្ជាតិអាមេរិករូបនេះត្រូវត្រលប់មកតតាំងនឹងអ្នកលេងគុនចម្រុះសញ្ជាតិជប៉ុន Tatsumitsu Wada ឬ ហៅ “The Sweeper” នៅសង្វៀន ONE: DAWN OF HEROES នាថ្ងៃសុក្រទី ២ ខែ សីហា ខាងមុខនាក្រុងម៉ានីលប្រទេស ហ្វីលីពីន។ Johnson បានថ្លែងថា៖ «ខ្ញុំអាចមើលឃើញថាវាជាឧបសគ្គមួយ ហើយ ខ្ញុំក៏មើលឃើញចំណុចអវិជ្ជមាន ប៉ុន្តែខ្ញុំតែងតែគិតវិជ្ជមាន ដែលអាចកែប្រែឲ្យខ្ញុំជាមនុស្សដ៏រឹងមាំដល់បច្ចុប្បន្ននេះ»។

ក្នុងនាមជាឳពុកមានកូន៣នាក់នៅក្នុងបន្ទុកជើងឯកគុនចម្រុះពិភពលោក World Champion ១២សម័យរូបនេះមិនគិតរឿងពីមុននោះទេ ប៉ុន្តែគេបានបង្កើតក្ដីស្រលាញ់គ្រប់កាលៈទេសៈចំពោះកូនៗរបស់ខ្លួន។ មានមនុស្សជាច្រើនអាចនឹងតូចចិត្តចំពោះស្ថានការណ៍ដូចខ្លួនកាលនៅតូច ប៉ុន្តែ «Mighty Mouse» បានបោះចោលរឿងរ៉ាវដែលអាក្រក់ទាំងនេះ។ ជើងខ្លាំងសញ្ជាតិអាមេរិក បានគូសបញ្ជាក់បែបនេះ៖ «ខ្ញុំគ្មានការគុំកួន គ្មានអារម្មណ៍អត់ល្អចំពោះបទពិសោធន៍កាលនៅក្មេងៗនោះទេ ប៉ុន្តែ ខ្ញុំបានធ្វើជាគំរូល្អសម្រាប់កូនៗរបស់ខ្ញុំ។ ខ្ញុំយល់អំពីរឿងរ៉ាវដែលកើតឡើង។ ពេលខ្ញុំនៅក្មេង គឺមិនស្ដាប់បង្គាប់ មិនស្ដាប់អ្នកណា និងមានការខកចិត្តខ្លាំង។ ទាំងនេះជាវិធីដែលយើងត្រូវស្ដារឲ្យល្អឡើងវិញ»។

កីឡាករដដែលរៀបរាប់ទៀតថា៖ «ប៉ាចុងរបស់ខ្ញុំប្រើវិធីផ្សេងដើម្បីចិញ្ចឹមពួកយើង និង ធ្វើបាបពួកយើង។ នោះជាជម្រើសរបស់គាត់ ហើយ គាត់ត្រូវរស់តាមវិធីបែបហ្នឹង។ នោះក៏ជាផ្នែកមួយដែលឳពុកម្ដាយរបស់គាត់ចិញ្ចឹមគាត់ដែរ។ ប៉ុន្តែខ្ញុំស្ដាយដែលមិនមានឱកាសសួរគាត់ទាល់តែសោះ»។ បច្ចុប្បន្ននេះជាពេលវេលាដែលត្រូវលុបបំបាត់រឿងពីអតីតកាល និង មិនត្រូវទុករឿងអពមង្គលបែបនេះក្នុងចិត្តទេ។ «Mighty Mouse» បានជ្រើសរើសផ្លូវវិជ្ជមានពីបទពិសោធន៍ទាំងនេះដោយគ្មានពាក្យដោះសារទេ។

គេបញ្ជាក់ថា៖ «ដោយក្រឡេកមើលអំពីការធ្វើទុក្ខបុកម្នេញ វាពិតជាអាក្រក់ណាស់ វាធ្វើឲ្យខ្ញុំលំបាក ខ្ញុំបានត្រឹមតែស្ដាប់ និងគ្មានការតវ៉ាទាល់តែសោះ»។ ក្នុងនាមជាមេគ្រួសារ អ្នកលេងគុនចម្រុះរូបនេះមិនជជែកអំពីមេរៀនជូរចត់ និង ស្ថានភាពអាក្រក់ដល់កូនៗនោះទេ។ មានតែម៉ាក់របស់គេទេជាអ្នកយកចិត្តទុកដាក់ ជាបុគ្គលគំរូ និង ជាអ្នកផ្ដល់កម្លាំងចិត្ត។ ទោះយ៉ាងណា កីឡាកររូបនេះមានបុរសគំរូៗនៅក្នុងចិត្តជាច្រើន និង អាចធ្វើជាគំរូល្អទៀតផង។ Johnson រំលឹកយ៉ាងដូច្នេះ ៖«ខ្ញុំមានមិត្តភ័ក្ដិជាច្រើន។ ពួកគេមានឳពុក ហើយ ខ្ញុំមើលឃើញភាពខុសប្លែកគ្នាជាមួយកូនៗ និង ប្រពន្ធរបស់ពួកគាត់» ។

«ប៉ាម្នាក់របស់មិត្តភ័ក្ដីល្អរបស់ខ្ញុំ តែងតែលៀងចាន ពេលញុំាបាយរួច។ គាត់និយាយថា បើស្ត្រីម្នាក់ចំណាយពេលចម្អិនម្ហូបពេញមួយថ្ងៃសម្រាប់អាហារពេលល្ងាច យ៉ាងហោចណាស់បុរសគួរជួយលៀងចាន។ ខ្ញុំលៀងចានពេញមួយជីវិតរបស់ខ្ញុំ»។ Johnson ទទួលស្គាល់ថា ៖«ខ្ញុំបានទទួលរងឥទ្ធិពល ដែលខ្ញុំចូលចិត្តឳពុករាល់គ្នាដែលធ្វើឲ្យខ្ញុំក្លាយជាបុរសល្អប្រសើរឡើង»។
អ្វីៗទាំងអស់ បុរសខ្លាំងដដែលនេះបានរៀនពីឪពុកល្អនិងរៀនពីវិធីដែលធ្វើឲ្យក្លាយជាប្ដីល្អ កីឡាករដ៏ជោគជ័យ និង ជាឳពុកល្អ។ ជើងឯកគុនចម្រុះសង្កត់ធ្ងន់ថា ៖«បទពិសោធន៍អំពីការធ្វើទុក្ខបុកម្នេញ បានធ្វើឲ្យរូបខ្ញុំក្លាយជាឳពុកដ៏ល្អ ព្រោះខ្ញុំមិនចង់ឲ្យកូនៗរបស់ខ្ញុំរងទុកទុក្ខដូចខ្ញុំទេ»។

អំពើហិង្សាតែងតែនាំឲ្យកើតហិង្សា ប៉ុន្តែ កីឡាករអាជីពគុនចម្រុះ ឬ MMA រូបនេះតែងតែដាស់តឿនដល់អ្នកគាំទ្រ ឬ អ្នកនៅក្បែរខ្លួនឲ្យជៀសវាងអំពីអំពើហង្សា៕