ស្របពេលដែលព័ត៌មានជាច្រើនបានផ្ទុះឡើងទៅលើការចាកចេញរបស់ខ្សែប្រយុទ្ធ Gareth Bale ពីក្លិប Real Madrid មានការពិភាក្សាគ្នាមួយពីការផ្ទេរទៅកាន់ប្រទេសចិន ដែលអាចនឹងគោលដៅដ៏មានសក្តានុពលរបស់គេ។

បើយោងទៅតាមបណ្តាញសារព័ត៌មាន Telegraph ក្លិបចិន Beijing Guoan ត្រៀមធ្វើឲ្យ Bale ក្លាយជាកីឡាករទទួលបានចំណូលខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្របខ័ណ្ឌលីក ខណៈដែលក្លិបនេះ បានបង្ហាញពីបំណងរបស់ខ្លួនយ៉ាងច្បាស់។ ក្លិប Guoan ដែលជាក្លិបស្ថិតក្នុងចំណោមក្លិបមានទ្រព្យធនច្រើនជាងគេបំផុតក្នុងប្រទេសចិននោះ មានរយៈពេលប្រមាណជា១០ថ្ងៃក្នុងការចុះហត្ថលេខាជាមួយនឹង Bale ស្របពេលដែលទីផ្សារដោះដូរកីឡាករសម្រាប់ក្របខ័ណ្ឌលីកចិន Super League នឹងត្រូវបិទនៅថ្ងៃទី៣១ ខែកក្កដា។

បើយោងទៅតាមកាសែត The Mirror ក្លិប Guoan បានដាក់សំណើជាមួយនឹងកញ្ចប់ប្រាក់បៀរវត្សរ៍១លានផោន (ស្មើនឹង១,២៥លានដុល្លារអាមេរិក) ក្នុង១សប្តាហ៍ ស្របពេលដែលក្លិបម្ចាស់ជើងឯកបារាំង Paris Saint Germain ក៏បង្ហាញពីការចាប់អារម្មណ៍ផងដែរ។ ការផ្ទេរនេះ ត្រូវបានរៀបរាប់ថា នឹងមិនគិតពន្ធឡើយ បើតាមកាសែត The Sun។

Bale វ័យ៣០ឆ្នាំ បានជួបភាពត្រដាបត្រដួសក្នុងរក្សាតំណែងរបស់គេក្នុងជម្រើសទាំង១១នាក់ដំបូងកាលពីរដូវកាលមុន ស្របពេលមានភាពតានតឹងជាមួយនឹងលោក Zinedine Zidane ដែលបានចេញមុខ និងបាននិយាយថា ក្លិប Real Madrid កំពុងតែធ្វើការលើការបញ្ចេញតារាឆ្នើមអន្តរជាតិវេលស៍រូបនេះ៕
ប្រភពព័ត៌មាន៖ Channel News Asia