បួនប្រទេសនៅតំបន់អាមេរិកខាងត្បូង រួមមានប៉ារ៉ាហ្កាយ ឈីលី អាហ្សង់ទីន និងអ៊ុយរូហ្កាយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយ ក្នុងការសហការគ្នាដាក់សិទ្ធិស្នើសុំធ្វើម្ចាស់ផ្ទះ បាល់ទាត់ពិភពលោកឆ្នាំ2030។
កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង ដោយមេដឹកនាំនៃប្រទេសទាំងបួនថ្ងៃពុធម្សិលមិញនេះ នៅទីក្រុង Santa Fe ប្រទេសអាហ្សង់ទីន រួមមានប្រធានាធិបតីអាហ្សង់ទីន Mauricio Macri, ប្រធានាធិបតីប៉ារ៉ាហ្កាយ Mario Abdo Benitez, ប្រធានាធិបតីឈីលី Sebastian Pinera និងប្រធានាធិបតីអ៊ុយរូហ្កាយ Tabare Vazquez។ ដំបូងឡើងគំនិតផ្ដួចផ្ដើមគឺមានតែ 3ប្រទេសទេគឺអាហ្សង់ទីន ប៉ារ៉ាហ្កាយ និងអ៊ុយរូហ្កាយ តែកាលពីឆ្នាំ2018 កន្លងទៅឈីលីក៏បានប្រកាសខ្លួន សុំចូលរួមក្នុងការធ្វើសហម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ ធំជាងគេលើលោកមួយនេះ។
សូមបញ្ជាក់ថា ការដាក់សិទ្ធិស្នើសុំធ្វើម្ចាស់ផ្ទះ World Cup 2030 មិនទាន់បើកទទួលពាក្យជាផ្លូវការពី FIFA នៅឡើយ តែក្រៅពីប្រទេសទាំងបួនខាងលើ ក៏មានបេក្ខភាពដែលត្រៀមខ្លួនក្នុងការប្រជែងដែរ រួមមាននៅអាហ្វ្រិកគឺប្រទេសម៉ារ៉ុក ខណៈនៅអឺរ៉ុបមានប៊ុលហ្ការីសហការជាមួយក្រិក រ៉ូម៉ានី និងស៊ែប។ ដោយឡែកប្រទេសដែលមានចំណាប់អារម្មណ៍ ក្នុងការស្នើសិទ្ធិផងដែររួមមានចិន កាមេរ៉ូន អេហ្ស៊ីបជាដើម៕
អត្ថបទ៖នាង សុភាវុធ