សម្រាប់​បង​ប្អូន​អ្នក​និយម​វិស័យ​ប្រដាល់​គុន​ខ្មែរ​ ច្បាស់​ជា​ស្គាល់​ហើយ​ក្លឹប​ល្បីឈ្មោះ​ ឆត្រយោង​៩១១​ ដែល​សំបូរ​ធនធាន​កីឡាករ​ខ្លាំង​ៗ​ រយៈពេល​ប្រហែល​១-២​ខែ​ចុង​ក្រោយ​នេះ​សិស្ស​គុន​របស់​ខ្លួន​ទើប​ឈ្នះ​ខ្សែក្រវាត់​ និង​ពាន​លេខ១​នៅ​សង្វៀន​ផ្សេងៗ​គ្នា។​​ គេ​សម្គាល់​ឃើញ​ថា​សិស្ស​គុន​របស់​លោក​គ្រូ​ ហង្ស​ សឿន​ ម្នាក់​ៗ​គឺ​ប្រកួត​បាន​ល្អ​ ហើយ​បើ​លេង​ក្នុង​កម្មវិធី​ធំៗ​ភាគ​ច្រើន​បាន​ឡើង​ដល់​វគ្គ​សំខាន់ៗ​ ប៉ុន្តែ​ក៏​មិន​ទាំង​អស់​នោះ​ដែរ​ ពោល​មាន​កីឡាករ​ខ្លះ​ធ្លាក់​នៅ​ជុំ​ទី១​ក៏​មាន​ដែរ។​

សមិទ្ធផល​២ សំខាន់ៗ​ដែល​ក្លឹប​ទទួល​បាន​នោះ​គឺ​ កីឡាករ​ ឡៅ​ ចិត្រា​ ពេលឈ្នះខ្សែក្រវាត់ប្រាក់ ៖​

អ្នក​ប្រដាល់​ល្អ​គ្រប់​គ្រឿង​ និង​កម្រ​បណ្ដោយ​ឲ្យ​ដៃគូ​គេច​ផុត​ពី​សន្លប់​រូប​នេះ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៩​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ ឈ្នះ​ខ្សែក្រវាត់​ប្រាក់​១គ្រឿង​បន្ទាប់​ពី​ផ្ដួល​អ្នក​លេង​គុន​ថៃ​ឲ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី២​ ទទួល​បាន​ប្រាក់​១០០០​ដុល្លារ​ និង​បាន​ឱកាស​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​១​ទៀត​ ដែល​មាន​ប្រាក់​រង្វាន់​១ម៉ឺន​ដុល្លារ​ទៀត។ ​ខ្សែក្រវាត់​ប្រាក់​នេះ​មិនមែន​ជា​សមិទ្ធផល​ទី១​របស់​ ចិត្រា​ ឡើយ​ ពោល​គឺ​គិត​ដល់​ពេល​នេះ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ឈ្នះ​បាន​ខ្សែក្រវាត់​២គ្រឿង​ហើយ។​

ខេម ចាន់ ពេលឈ្នះលេខ១​ កីឡាករ​ ខេម​ ចាន់៖​

ឈាមជ័រ​អ្នក​ខេត្ត​ព្រៃវែង​រូប​នេះ​ក៏​មាន​សមត្ថភាព​ល្អ​ និង​ទទួល​បាន​សមិទ្ធផល​គួរសម​ដែរ​ ពោល​គេ​ទើប​ឈ្នះ​ពានរង្វាន់​ TV5​ ទម្ងន់​៥៤​គីឡូក្រាម​ យក​លុយ​ ៤០០០​ដុល្លារ​ កាល​ពី​ថ្ងៃ​ទី៦​ ខែ​កក្កដា​ ២០១៩។​ អ្នក​ប្រដាល់​រូប​នេះ​ធ្លាប់​បាត់បង់​ខ្សែក្រវាត់​១ដង​នៅ​សង្វៀន​បាយ័ន​ ក្រោយ​ចាញ់​ពិន្ទុ​ ប៊ុន​ សុធា​ ប៉ុន្តែ​បាន​ឱកាស​ជា​ថ្មី​លេង​ពាន​នៅ​សង្វៀន​ TV5​ ក៏​ក្លាយ​ជា​ជា​ជើងឯក​លេខ១​តែ​ម្ដង។​ កូន​សិស្ស​លោក​ ហង្ស​ សឿន​ រូប​នេះ​ភាគ​ច្រើន​ប្រកួត​គូ​មិត្តភាព​អន្តរជាតិ​ផង​ដែរ​ ព្រោះ​សមត្ថភាព​ល្អ​ ភច្រើន​ទទួល​បាន​ជ័យជម្នះ៕​
Via: Sabay