គ្រាប់ស៊ុតបញ្ចូលទីនៅដើមតង់របស់កីឡាករ Odion Ighalo បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិនីហ្សេរីយ៉ា ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុមជម្រើសជាតិទុយនីស៊ី ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ នាព្រឹត្តិការណ៍ Africa Cup of Nations កាលពីថ្ងៃពុធ។
ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ ដែលជាអ្នករកបានគ្រាប់បាល់នាំមុខគេក្នុងយុទ្ធនាការនេះ តាមរយៈការរកបាន៥គ្រាប់នោះ បានដណ្តើមយកប្រៀបទៅលើការធ្វេសប្រហែសនៅតំបន់ការពារ ក្រោយពីការប្រទាញប្រទង់ក្នុងតំបន់ការពាររបស់ក្រុមជម្រើសជាតិទុយនីស៊ី នាកីឡដ្ឋាន Al Salam។ ការបញ្ជូនបាល់របស់កីឡាករ Jamilu Collins ពីតំបន់ខាងឆ្វេង មិនត្រូវបានជួយសង្គ្រោះបានយ៉ាងល្អដោយអ្នកចាំទី Moez Ben Cherifa ឡើយ។
ហើយបើទោះបីខ្សែការពារ Yassine Meriah បានព្យាយាមទាត់បាល់ឲ្យចេញក្រៅក៏ដោយ ប៉ុន្តែ ខ្សែប្រយុទ្ធ Ighalo បានជួយឲ្យក្រុមជម្រើសជាតិនីហ្សេរីយ៉ា មានគ្រាប់បាល់នាំមុខបន្ទាប់ពីលេងបានត្រឹមតែ៣នាទី។ នេះគឺជាប្រព្រឹត្តកំហុសយ៉ាងខកចិត្តសម្រាប់ក្រុមជម្រើសជាតិទុយនីស៊ី ដែលបានចាញ់ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅនាទីបន្ថែម១៥នាទី២ដងកាលពីថ្ងៃអាទិត្យ ក្រោមស្នាដៃក្រុមជម្រើសជាតិសេណេហ្គាល់ ក្រោមស្ថានភាពដូចគ្នានេះ។
ក្រុមជម្រើសជាតិនីហ្សេរីយ៉ា ដែលបានគ្រប់គ្រងការប្រកួតនេះស្ទើរតែទាំងស្រុងនោះ បានឈ្នះមេដាយសំរឹទ្ធចំនួន៨លើកក្នុងយុទ្ធនាការប្រចាំទ្វីបអាហ្វ្រិកមួយនេះ។ ក្រុមជម្រើសជាតិអាល់ហ្សេរី នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិសេណាហ្គាល់ ក្នុងព្រឹត្តិការណ៍ Cup of Nations វគ្គផ្តាច់ព្រ័ត្រ ក្នុងទីក្រុង Cairo នៅថ្ងៃសុក្រ សប្តាហ៍នេះ៕
ប្រភពព័ត៌មាន៖ Channel News Asia