ក្លិប Paris Saint-Germain បានចុះហត្ថលេខាជាមួយនឹងខ្សែការពារអន្តរជាតិបារាំងអាយុក្រោម២១ឆ្នាំ Abdou Diallo ពីក្លិប Borussia Dortmund ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។
នេះបើយោងទៅតាមការប្រកាសរបស់ក្រុមម្ចាស់ជើងឯកបារាំងមួយនេះ កាលពីថ្ងៃអង្គារ។ ទស្សនាវដ្តីអាល្លឺម៉ង់ Kicker បានចេញផ្សាយថា ក្លិប PSG បានចំណាយប្រាក់៣២លានអឺរ៉ូ (ស្មើនឹង៣៥,៩លានដុល្លារអាមេរិក) បូករួមទាំងប្រាក់ឧត្ថម្ភចំនួន២លានអឺរ៉ូផ្សេងទៀត សម្រាប់ខ្សែការពារកណ្តាលវ័យ២៣ឆ្នាំរូបនេះ។
Diallo ដែលនឹងត្រូវលេងឲ្យក្រុមជម្រើសជាតិបារាំង ក្នុងព្រឹត្តិកាណ៍ Euro U21 កាលពីខែមុន ប៉ុន្តែ បានរងរបួសនោះ បានចំណាយពេលអស់២រដូវកាលក្នុងប្រទេសអាល្លឺម៉ង់ ក្រោយពីបានចូលរួមជាមួយនឹងក្លិប Dortmund ពីក្លិប Mainz។ នៅមុនពេលចូលរួមជាមួយនឹងក្លិប Mainz រូបគេបានចាប់ផ្តើមអាជីពរបស់គេនៅឯក្លិប Monaco និងបានចូលលេង៥លើក ក្នុងពេលក្រុមរបស់ខ្លួនធ្វើដំណើរទៅលើកពានក្របខ័ណ្ឌ Ligue 1 ក្នុងឆ្នាំ២០១៧។
Diallo គឺជាកីឡាករទី៥នៅរដូវក្តៅនេះ ក្រោយពីកីឡាករអេស្ប៉ាញ Pablo Sarabia និង Ander Herrera បានចូលរួមជាមួយនឹងពួកគេពីក្លិប Sevilla និង Manchester United រៀងៗខ្លួន។ ពួកគេក៏បាននាំយកអ្នកចាំទីប៉ូឡូញ Marcin Bulka វ័យ១៩ឆ្នាំ ដោយគ្មានតម្លៃខ្លួនពីក្លិប Chelsea និងខ្សែការពារហូឡង់ Mitchel Bakker វ័យ១៩ឆ្នាំ ពីក្លិប Ajax ផងដែរ៕
ប្រភពព័ត៌មាន៖ Channel News Asia