ក្លិប Barcelona បានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេបានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើសវ័យក្មេងអន្តរជាតិជប៉ុន Hiroki Abe ពីក្លិប Kashima Antlers របស់ក្រខ័ណ្ឌ J-League។ ក្លិបមានមូលដ្ឋាននៅ Catalonia មួយនេះ បានបញ្ជាក់ថា ពួកគេបានចំណាយប្រាក់ចំនួន១,១លានអឺរ៉ូ (ស្មើនឹង១,១២លានដុល្លារអាមេរិក) សម្រាប់កីឡាករវ័យ២០ឆ្នាំរូបនេះ និងបានបញ្ចូលរូបគេក្នុងក្រុមកីឡាករបម្រុងរបស់ខ្លួន ដែលលេងក្នុងក្របខ័ណ្ឌលំដាប់ទី៣របស់អេស្ប៉ាញ Segunda B។
ក្លិប Barcelona បានបញ្ជាក់ថា Abe បានចុះកុងត្រារយៈពេល៤ឆ្នាំ ដោយមានលក្ខខណ្ឌរំលាយកិច្ចសន្យាក្នុងទឹកប្រាក់៤០លានអឺរ៉ូ ខណៈដែលទឹកប្រាក់នេះ អាចនឹងកើនដល់១០០លានអឺរ៉ូ ប្រសិនបើរូបគេត្រូវបានដំឡើងឲ្យទៅលេងក្នុងក្រុមឈុតធំ។ ក្លិប Barca បានឲ្យដឹងលើគេហទំព័ររបស់ខ្លួនថា៖ «រូបគេត្រូវបានចាត់ទុកថា ជាកីឡាករដ៏ឆ្នើមបំផុតរបស់ជប៉ុន នៅមុនពេលយុទ្ធនាការអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០»។
Abe ដែលបានបង្ហាញខ្លួនជាអន្តរជាតិជាលើកទី១របស់គេក្នុងយុទ្ធនាការ Copa America កាលពីខែមុននោះ អាចលេងក្នុងតួនាទីណាក៏បានក្នុងតំបន់ប្រយុទ្ធ ប៉ុន្តែ ត្រូវបានដាក់ឲ្យលេងជាញឹកញាប់នៅតំបន់ស្លាបឆ្វេង។ រូបគេបានជាប់កីឡាករឆ្នើមវ័យក្មេងឆ្នើមបំផុតប្រចាំឆ្នាំក្នុងក្របខ័ណ្ឌ J-League កាលពីឆ្នាំ២០១៨ និងបានចូលលេងទាំង២ជើង ក្នុងពេលក្រុម Kashima បានឈ្នះពានក្របខ័ណ្ឌ Champions League ប្រចាំទ្វីបអាស៊ី ក្នុងរដូវកាលដដែល។ រូបគេបានបង្ហាញខ្លួន៧៩លើកសម្រាប់ក្លិប Kashima ក្នុងរដូវកាល៣លើកចុងក្រោយនេះ ដោយបានស៊ុតបាល់បញ្ចូលទី១០គ្រាប់៕
ប្រភពព័ត៌មាន៖ Channel News Asia
Barcelona បំពេញការចុះហត្ថលេខាជាមួយនឹងតារាឆ្នើមជប៉ុន Abe
អត្ថបទទាក់ទង