សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានត្រៀមកីឡាករ-កីឡាការិនី ២រូប ដើម្បីចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២ នាខែសីហា ឆ្នាំ២០១៩ខាងមុខ រួមមានកីឡាការិនី អេ យ៉ានុត ភូថង និងកីឡាករ ចាន់ សំអាត។ នេះបើតាមការបញ្ជាក់របស់អនុប្រធានសហព័ន្ធ លោក កែ ប៊ិន សូរស្មី ក្នុងសន្និសីទ សារព័ត៌មាន កាលពីម្សិលមិញ។

លោកបញ្ជាក់ថា ចំពោះកូនស្រីបង្កើតរបស់អតីតជើងខ្លាំងគុនខ្មែរលោក អេ ភូថង គឺកញ្ញា អេ យ៉ានុត ត្រូវចូលរួមព្រឹត្តិការណ៍ World Leitwei Championship នៅប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី០២ ខែសីហា ដោយត្រូវជួបកីឡាការិនីមកពីបារាំង សូហ៊ី ម៉ងហ្រេឌី។ ការចូលរួមនេះ ដោយសារគណៈកម្មការរៀបចំកម្មវិធី បានមើលឃើញពីសមត្ថភាព និងកាយសម្បទាដ៏ស័ក្ដិសមរបស់ យ៉ានុត ទៅនឹងកីឡាការិនីបារាំងខាងលើ។

ចំណែកកីឡាករ ចាន់ សំអាត ត្រូវជួបកីឡាករជើងខ្លាំងមីយ៉ាន់ម៉ា Punnya Say ក្នុងព្រឹត្តិការណ៍ One Championship នៅសិង្ហបុរី នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩។ នេះគឺជាជំនួបគួរឲ្យចាប់អារម្មណ៍ រវាងអ្នកទាំងពីរ បន្ទាប់ពីស្ថាប័នកីឡាលំដាប់អន្ដរជាតិមួយនេះ បានសិក្សាពីសមត្ថភាព និងបច្ចេកទេសលើសង្វៀនរបស់អ្នក ទាំងពីរ។ តែយ៉ាងណាថ្នាក់ដឹកនាំសហព័ន្ធ បានដាក់ការជឿជាក់លើ សំអាត នឹងធ្វើបានល្អ ក្នុងព្រឹត្តិការណ៍នេះ។

លោក ហ៊ុន ចាន់រាជ អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា បច្ចុប្បន្នទីផ្សារប្រកួតលើឆាកអន្ដរជាតិ គឺមានច្រើន សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា។ ដូច្នេះលោកបានលើកទឹកចិត្ត និងជំរុញការហ្វឹកហាត់របស់អ្នកលេងគុន ចម្រុះកម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងចាប់យកឱកាសចេញទៅប្រកួតតំណាងឲ្យជាតិ ពិសេសដើម្បីធ្វើការ បង្ហាញ និងផ្សព្វផ្សាយពីសិល្បៈក្បាច់គុនបុរាណខ្មែរ ទៅកាន់ពិភពលោក ក៏ដូចជាការសាងកិត្តិយសជូនជាតិ គ្រួសារ និងខ្លួនឯងផងដែរ៕