ក្រុម ISI Group United បានប្រើសមាជិក នៅលើទីលានត្រឹម១០នាក់ ដើម្បីបង្កើតកំណត់ត្រាលើកពាន KMH Champions League ជាលើកដំបូង បន្ទាប់ពីពួកគេ បានធ្លាក់ចេញពីការប្រកួតពានមួយនេះ ត្រឹមវគ្គជម្រុះ វគ្គ១៦ក្រុម និងវគ្គ៨ក្រុម សម្រាប់ការចូលរួមរយៈពេល៣ឆ្នាំកន្លងមកនេះ។
ការឈ្នះពាន KMH Champions League លើកទី៤ ឆ្នាំ២០១៩ ជាលើកដំបូងរបស់ក្រុម ISI បានកើតមានឡើង បន្ទាប់ពីពួកគេបានយកឈ្នះក្រុម Pisnoka FC ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ៦-៥ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ នៅទីលាន KMH កាលពីយប់ថ្ងៃសៅរ៍ ហើយការប្រកួតនេះ ពិតជាមានការភ្ញាក់ផ្អើលខ្លាំង ព្រោះក្រុម ISI បានបាត់បង់សមាជិក១នាក់ គឺខ្សែប្រយុទ្ធ Blessing តាំងពីនាទីទី១៦ ក្រោយរូបគេ ត្រូវបានពិន័យកាតក្រហម។
យ៉ាងណាក៏ដោយ ក្រុម ISI បានប្រើសមាជិកត្រឹម១០នាក់ នៅលើទីលាន ដើម្បីទប់ទល់ជាមួយ Pisnoka ដែលមានសមាជិក១១នាក់ បានយ៉ាងស្វិតស្វាញបំផុត ដោយពួកគេ នៅតែអាចបង្កើតឱកាសវាយបកត្រឡប់ទៅវិញបានល្អ និងធ្វើឲ្យក្រុម Pisnoka ជួបការបារម្ភដូចគ្នា ប៉ុន្តែក្រុមទាំង២ មិនអាចរកបានគ្រាប់បាល់ដូចគ្នា បើទោះបីជា នាទីទីបន្ថែម១៥នាទី២ដង បានបញ្ចប់ទៅហើយក៏ដោយ។
ទោះបីជាយ៉ាងណា នៅក្នុងការទាត់បាល់ប៉េណាល់ទីដ៏គួរឲ្យរន្ធត់នោះ ក្រុម ISI បានយកឈ្នះក្រុម Pisnoka ៦-៥ ដើម្បីក្លាយជាម្ចាស់ជើងឯក អមជាមួយប្រាក់រង្វាន់១៤០០០ដុល្លារ ចំណែក Pisnoka ដែលបានចំណាត់ថ្នាក់លេខ២ គឺបានប្រាក់រង្វាន់ចំនួន៦០០០ដុល្លារ។
ជុំវិញការឈ្នះពាន ក្នុងស្ថានភាពប្រកួតដ៏លំបាកនេះ លោក សៀក សុវណ្ណ អ្នកចាត់ការទូទៅក្រុម ISI Group United បានប្រាប់ថា៖ «យើងតែងតែជួបហេតុការណ៍ពិន័យកាត ក្រហមបែបនេះ នៅរាល់ការប្រកួតសំខាន់ៗរបស់យើង ហេតុនេះខ្ញុំបានប្រាប់កូនក្រុមខ្ញុំ ឲ្យត្រៀមចិត្តទទួលយកស្ថានភាពបែបនេះ តាំងពីមុនការប្រកួត អ៊ីចឹងហើយទើបពួកយើង នៅតែរក្សាការប្រកួតបានល្អ និងដោយគ្មានភាពតក់ស្លុតអ្វីទាំងអស់»។
លោក សៀក សុវណ្ណ បានបន្ថែមថា៖«បើសិនជាយើងមិនទទួលកាតក្រហម យើងនឹងឈ្នះងាយជាងនេះ ប៉ុន្តែការឈ្នះពាន ជាលើកដំបូង ដោយប្រើសមាជិកត្រឹម១០នាក់ នៅលើទីលាននេះ គឺវាពិតជាមានន័យខ្លាំងបំផុតទាំងចំពោះថ្នាក់ដឹកនាំ គ្រូបង្វឹក ក្រុមកីឡាកររបស់យើង និងអ្នកគាំទ្ររបស់យើងផងដែរ ព្រោះនៅក្នុងការប្រកួតនេះ អ្នកគាំទ្រខ្លះ បានយំ ព្រោះគាត់រំភើបផង និងអាណិតទៅដល់កីឡាករយើងផង ដែលប្រឹងប្រែងតស៊ូលេងខ្លាំងបំផុត ដើម្បីឈ្នះពានលើកនេះ»។
ចំណែកក្រុម TN Kandal FC បានយកឈ្នះក្រមដោនថោនស្ពត ដោយបាល់ប៉េណាល់ទី ៧-៦ ដែរ ក្រោយស្មើគ្នា ២-២ ហើយការបានលេខ៣នេះ ធ្វើឲ្យពួកគេបាន៣០០០ដុល្លារ ឯ ដោនថោនស្ពត បាន១៥០០ដុល្លារ។ បន្ថែមលើនេះ TN Kandal បានប្រាក់រង្វាន់៧០០ដុល្លារទៀត ក្នុងនាមជាក្រុមលេង Fair Play ផងដែរ ខណៈកីឡាករ រស់ ស៊ីចម្រើន របស់ក្រុមដោនថោនស្ពត ក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេ ឯ នួន វាសនា បានក្លាយជាអ្នកចាំទីល្អប្រចាំព្រឹត្តិការណ៍នេះ ហើយអ្នកទាំង២នេះ បានទទួលប្រាក់រង្វាន់លើកទឹកចិត្តម្នាក់៤០០ដុល្លារ ដូចគ្នា៕
ក្រុម ISI ប្រើសមាជិកសល់ត្រឹម១០នាក់ ដើម្បីបង្កើតកំណត់ត្រាលើកពាន KMH Champions ជាលើកដំបូង
អត្ថបទទាក់ទង