ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា និង Booyen Shane ដែលទើបវិលមកលេងឲ្យក្លិបចាស់របស់ខ្លួននោះ បានរកគ្រាប់បាល់បណ្តេញគ្នា ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត នៅពេលក្រុមបឹងកេត បានប្រើសមាជិកត្រឹម១០នាក់ នៅលើទីលាន ដើម្បីទប់ទល់ជាមួយក្រុមភ្នំពេញក្រោន ខណៈព្រះខ័នរាជស្វាយរៀង ណាហ្គាវើល និងអង្គរថាយហ្គឺរ សុទ្ធតែដណ្តើមបាន៣ពិន្ទុ ដើម្បីបន្តឈរនៅតំបន់ Top4។
តាមរយៈការប្រកួត នៅកីឡដ្ឋាន RSN កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញនោះ Booyen ដែលទើបចាកចេញពីក្រុមប៉ូលិស មករួមរស់ជាមួយក្រុមភ្នំពេញក្រោន ក្នុងការប្រកួតជើងទី២ លីកកំពូលកម្ពុជា ឆ្នាំ២០១៩នេះ បានរកគ្រាប់បាល់បើកឆាកឲ្យ ភ្នំពេញក្រោន ត្រឹមនាទីទី៦ តែត្រូវបាន ចាន់ វឌ្ឍនាកា វាយបកបាន២គ្រាប់វិញ នៅនាទីទី១៤ និងទី២៤ ដើម្បីជួយឲ្យបឹងកេត នាំមុខ ២-១ វិញ តែនៅនាទីទី៣១ Booyen បានស៊ុតតាមស្មើឲ្យភ្នំពេញក្រោន វិញ។
នៅនាទីទី៣៨ ខ្សែការពារ ស្លេះ សេន របស់បឹងកេត ត្រូវបានលោកអាជ្ញាកណ្តាលបណ្តេញចេញពីទីលាន ក្រោយបានកាតលឿងជាលើកទី២ (ស្មើកាតក្រហម) ប៉ុន្តែបឹងកេត នៅតែអាចរកបាន២គ្រាប់បន្ថែមទៀត ដើម្បីបង្កើតភាពភ្ញាក់ផ្អើល ដែលរកបានដោយខ្សែប្រយុទ្ធ Oiboh Julius នៅនាទីទី៤៥ និងទី៦៣ ប៉ុន្តែត្រូវបានខ្សែប្រយុទ្ធ Bata និង ម៉ៅ ពិសិដ្ឋ រកបានគ្រាប់បាល់តាមស្មើទាំង២លើក នៅនាទីទី៤៨ និងទី៧៥។
ក្រុមភ្នំពេញក្រោន ហាក់មិនសូវសប្បាយចិត្តជាមួយការស្មើគ្នា ៤-៤ នេះទេ ខណៈពួកគេ មិនអាចប្រើការមានប្រៀបលើចំនួនកីឡាករ១នាក់ យកឈ្នះបឹងកេត បាននោះ ប៉ុន្តែលោក ស៊ុំ វណ្ណា គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានចាត់ទុកជំនួបនេះ ជាការប្រកួតសំខាន់ជាងគេ នៅលីកកំពូលកម្ពុជា ឆ្នាំ២០១៩នេះ។
លោកបាននិយាយថា៖«សម្រាប់ខ្ញុំ យល់ថា វាជាការប្រកួតសំខាន់ជាងគេ ក្នុងលីកកំពូលកម្ពុជារដូវកាល២ ឆ្នាំ០១៩នេះ ព្រោះក្រុមទាំង២ប្រជែងគ្នាដើម្បីរកជ័យជម្នះក្នុងផ្លូវវិជ្ជមាន ហើយកីឡាករឆ្នើមៗក៏បានចូលរួមប្រកួតនេះ និងរកគ្រាប់បាល់បានដូចគ្នា»។ យ៉ាងណាក៏ដោយ ការចែកគ្នាម្នាក់១ពិន្ទុនេះ បានធ្វើឲ្យក្រុមបឹងកេត ធ្លាក់ចេញពីតំបន់កំពូលតារាងទាំង៤ (Top4) គឺធ្លាក់ពីលេខ៤ មកឈរនៅលេខ៥ ខណៈក្រុមវិសាខា បានឡើងទៅឈរនៅលេខ៤វិញ ក្រោយពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះ សូលទីឡូអង្គរ ៣-២ ចំណែកក្រុមគិរីវង់សុខសែនជ័យ បានបន្តយកឈ្នះក្រុមយុវជន១៨ឆ្នាំ ១-០ ស្របពេលក្រុមអគ្គិសនីកម្ពុជា បានយកឈ្នះក្រុមខេត្តកំពង់ចាម ៣-១ ដើម្បីសងសឹកការចាញ់ ១-០ កាលជើងទី១។
ដោយឡែកក្រុមឈរនៅកំពូលតារាង ព្រះខ័នរាជស្វាយរៀង បានបន្តយកឈ្នះក្រុមប៉ូលិស ២-០ ឯក្រុមណាហ្គាវើល បានបន្តលត់ក្រុមអាស៊ីអឺរ៉ុប ៦-១ ស្របពេលខ្សែប្រយុទ្ធ Kipson រកបាន៤គ្រាប់តែម្នាក់ឯង ហើយក្រុមអង្គរថាយហ្គឺរ បានយកឈ្នះក្រុមក្រសួងការពារជាតិ ៣-១ ដើម្បីបន្តឈរនៅលេខ៣ ដោយមាន៣០ពិន្ទុ តិចជាងក្រុមណាហ្គាវើល ១ពិន្ទុដដែល៕
ចាន់ វឌ្ឍនាកា និង Booyen បង្កើតឲ្យមានការភ្ញាក់ផ្អើល ពេល បឹងកេត ស្មើ ភ្នំពេញក្រោន
អត្ថបទទាក់ទង