កីឡាករគុនចម្រុះ ចាន់ សំអាត តែងតែមិនបំភ្លេចរៀមច្បង ខុន ស៊ីចាន់ ដែលនាំឲ្យរូបគេមានឈ្មោះបោះសំឡេងរហូតដល់បច្ចុប្បន្ននេះ។ ខុន ស៊ីចាន់ ជាមនុស្សម្នាក់ដំបូងគេដែលបានមើលឃើញអំពីទេពកោសល្យរបស់ សំអាត នៅឆ្នាំ ២០០៨ ពេលមានកម្មវិធីប្រកួតប្រដាល់សប្បាយៗនៃថ្ងៃបុណ្យចូលឆ្នាំខ្មែរនៅវត្ត «ផ្លាត» ខេត្តឧត្ដរមានជ័យ។

ចាន់ សំអាត រៀបរាប់ដូច្នេះ៖ «ដំបូងឡើយខ្ញុំជាអ្នករៀនសូត្រ ខ្ញុំអត់បានគិតគូរប្រដាល់ទេប៉ុន្តែ កាលនៅតូចធ្លាប់ហាត់វ៉ៃលេងជាមួយក្មេងៗដូចគ្នា។ ពេលអស់អ្នកទំនុកបម្រុងក្រោយឳពុកខ្ញុំខូច ខ្ញុំក៏បាក់ទឹកចិត្តក្លាយជាក្មេងដើរលេង ក្មេងស្ទាវ និង ឈប់រៀនត្រឹមថ្នាក់ទី៧ ប៉ុណ្ណោះ។ ខ្ញុំនិយាយត្រង់បង ខ្ញុំជាក្មេងដើរលេងច្រើន គឺស្ទាវ។ គ្រាមួយនោះបុណ្យចូលឆ្នាំ២០០៨។ គេប្រកាសរកអ្នកប្រកួត តែរេញនៅជាប់ដីមិនខ្ពស់ទេ …ខ្ញុំក៏ឡើងប្រកួតហើយឈ្នះគេ។ ពេលនោះបងខុន ស៊ីចាន់ ក៏បានណែនាំទៅហាត់ប្រដាល់ទៅ»។ តាំងពីពេលនោះមក សំអាត ក៏បានដើរតាមគន្លង ខុន ស៊ីចាន់ ទៅហាត់ជាមួយលោក គ្រូ ឡោ វុទ្ធី នៅក្លិប កងពលធំអន្តរាគមន៍លេខ៣ខេត្តព្រះវិហារ តាមការត្រួសត្រាយផ្លូវ។ មិនត្រឹមតែជួយមិនគិតគុនស្រ័យ ខុន ស៊ីចាន់ ក៏បានសណ្ដោង សំអាត មកឡើងវ៉ៃនៅភ្នំពេញជារឿយៗហើយតម្លៃខ្លួនសម្រាប់កីឡាករថ្មីៗដំបូងបានចន្លោះពី ៨ ទៅ ១០ ម៉ឺនប៉ុណ្ណោះ។ ទោះធ្វើសោហ៊ុយមិនគ្រប់គ្រាន់ ប៉ុន្តែ សិស្សច្បងមកពីស្រុកអន្លង់វែងដូចគ្នាមិនត្រឹមតែជួយយកអាសាទេថែមទាំងជួយទាំងលុយកាក់ ឬ ទិញម្ហូបញុំាទៀតផង។

កីឡាករគុនចម្រុះវ័យ ២៦ឆ្នាំរូបនេះពិពណ៌នាថា ខុន ស៊ីចាន់ ដែលមានវ័យ ៣១ ឆ្នាំបច្ចុប្បន្ននេះជាមនុស្សដំបូងណែនាំខ្លួនឲ្យក្លាយជាកីឡាករប្រដាល់។ គេចាំបានពេលនោះ ខុន ស៊ីចាន់ និយាយមកកាន់ខ្លួនថា៖ «អើ ! សំអាត មិនទាន់ចេះក្បាច់ តែមើលទៅវ៉ៃស៊ូគ្រាន់បើ ហើយបើបានហាត់ទៀតបែបល្អ»។

មួយទៀត ចាន់ សំអាត រំលឹករឿងស្រក់ទឹកភ្នែកមិនភ្លេចអនុស្សាវរីយ៍កន្លងទៅជាមួយ ស៊ីចាន់៖ «ខ្ញុំមិនច្បាស់ឆ្នាំ តែមានថ្ងៃមួយនោះ ខ្ញុំបានចូលរួមប្រកួតថ្នាក់ជាតិពេលរសៀល។ ដល់ពេលត្រូវទៅប្រកួតនៅស្ថានីយទូរទស្សន៍បាយ័នផង។ ខ្ញុំវ៉ៃចាញ់ព្រោះវាអស់ស៊ុហ្វរលីង។ បង ខុន ស៊ីចាន់ ស្ដីឲ្យខ្ញុំថា វ៉ៃដូចគ្មានចិត្តស៊ូសោះ។ ខ្ញុំតូចចិត្តពេលចុះលើរេញ ហើយពេលគាត់ឌុបម៉ូតូ ខ្ញុំក៏ស្រក់ទឹកភ្នែកបណ្ដើរពេលកំពុងជិះពីក្រោយគាត់។ នេះរឿងខ្ញុំតូចចិត្តមែនទែន ដែលខ្ញុំចាំមិនភ្លេចជាមួយគាត់»។

ប៉ុន្តែយ៉ាងណាក្ដី អ្នកប្រដាល់មកពីស្រុកអន្លង់វែងគូសបញ្ជាក់ថាសិស្សច្បង ខុន ស៊ីចាន់ ត្រូវចាត់ទុកដូចជាបងប្រុសអីចឹងហើយក៏គ្មានការខឹងអ្វីដែរ ព្រោះអ្វីៗដែល ស៊ីចាន់ បានប្រាប់គឺចង់ឲ្យខ្លួនល្អក្នុងវិស័យកីឡាប្រដាល់តែប៉ុណ្ណោះ។ សំអាត តែងតែចងចាំរាល់អំពីល្អរបស់ជួយខ្លួន ដូច ខុន ស៊ីចាន់, គ្រូបង្វឹក ឡោ វុទ្ធី, សពលោកគ្រូម៉ា សេរី និង ភរិយា, គ្រូហ៊ុន ច័ន្ទរាជ្យ, មិត្តរួមក្រុម និង អ្នកជួយជ្រោមជ្រែងជាច្រើនទៀត។

គួរដឹងថា ចាន់ សំអាត ចាប់ផ្ដើមប្រឡូកលើសង្វៀនប្រដាល់ដំបូងនៅឆ្នាំ ២០០៨ បន្ទាប់ពីមានការបង្ហាញផ្លូវរបស់កីឡាករ ខុន ស៊ីចាន់ និង នាំឲ្យទៅស្គាល់និង ហ្វឹកហាត់ជាមួយគ្រូបង្វឹក ឡោ វុទ្វី នៅក្លិបកងពលធំអន្តរាគមន៍លេខ៣ខេត្តព្រះវិហារ។ នៅឆ្នាំ ២០១៣ គេចាប់ផ្ដើមហ្វឹកហាត់ក្បាច់គុនចម្រុះ ពេលកម្មវិធី Khmer Warrior Challenge រៀបឡើងដោយស្ថានីយទូរទស្សន៍ ស៊ីធីអិន និង MyTV។ ក្នុងកម្មវិធីនេះគឺតម្រូវឲ្យស្នាក់នៅ ហូបចុកជុំគ្នា និង ហាត់ជុំគ្នាជាមួយគ្រូជាច្រើន មានប្រដាល់សេរី យូដូ និង គុនចម្រុះជាដើម។ រហូតដល់ឆ្នាំ ២០១៤ គេបានស្គាល់គ្រូហ៊ុន ច័នរាជ្យ និងបន្តហ្វឹកហាត់នៅក្លិប Cambodian Top Team ដល់សព្វថ្ងៃ។ ទីបំផុត ចាន់ សំអាត ជាម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ៣នៅឆ្នាំ ២០១៤។

កីឡាករមកពីខេត្តឧត្តរមានជ័យរូបនេះត្រូវបានសង្វៀនលំដាប់អន្តរជាតិ ONE Championship រៀបចំឲ្យចូលរួមប្រកួតសាជាថ្មីនាដើមខែ សីហា ឆ្នាំ ២០១៩ ខាងមុខនៅប្រទេសសិង្ហបុរី។ ការឡើងសង្វៀន ONE លើកនេះគឺ ប្រកួតក្នុងប្រភេទទម្ងន់ ពី ៥៦ ទៅ ៦០ គីឡូក្រាម ខុសពីការប្រកួតកន្លងទៅក្នុងប្រភេទទម្ងន់ពី ៦០ ទៅ ៦៥ គីឡូក្រាម ដែលមានការលំបាកដូចឡើងទៅវ៉ៃជាមួយអ្នកធំ៕