«សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ» ឬ « Ek Phnom Kun Khmer Arena» ទាញបានចំណាប់អារម្មណ៍ពីទស្សនិកជន ឬ អ្នកគាំទ្រ បន្ទាប់ពីផ្លាស់ប្ដូរក្បួនច្បាប់ ឬ គោលការណ៍មួយចំនួនឲ្យដូចទៅសង្វៀនលំដាប់ពិភពលោក ONE Championship ពីការប្រកួត ៥ ទឹកមកប្រកួតត្រឹម ៣ទឹកដែលបានចាប់ផ្ដើមអនុវត្តន៍កាលថ្ងៃទី ៣០ ខែ មិថុនា កន្លងទៅ។ លោក Matias Andrés អ្នកគ្រប់គ្រងទូទៅនៅសង្វៀនខាងលើបានថ្លែងសារយ៉ាងរីករាយចំពោះកិច្ចការដែលសម្រេចបាននាពេលនេះ។

ជាមួយគ្នានោះ កីឡាករ ណាម ម៉ូរ៉ាក់ ដែលបង្ហាញវត្តមានក្នុងការប្រកួតផ្លាស់ប្ដូរលើកដំបូងបានថ្លែងថា៖ «ការវ៉ៃ ៣ ទឹកគឺម្យ៉ាង មិនពិបាកពេក និងមិនស្រួលពេក តែ យើងមិនបាច់សន្សំកម្លាំងទេ ហើយប្រើពេលខ្លីក្នុងការស្ទាបស្ទង់។ គេត្រូវការកីឡាករចូលវ៉ៃ និង បុកយកតែម្ដង។ បើយើងមិនដើរចូលវ៉ៃគឺច្បាស់ជាចាញ់ ហើយល្អមើល»។ អ្នកលេងគុនខ្មែរមកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងវ័យ ២៦ ឆ្នាំ សង្កត់ធ្ងន់ទៀតថា៖ «ល្អដែរគោលការវ៉ៃ ៣ ទឹកគឺគេមិនឲ្យអោបយូរទេ។ ហើយបើវ៉ៃធ្វើអែលៗលំៗ រវល់ដើរថយ អត់វ៉ៃ គឺ ដឹងតែចាញ់តែម៉ង។ គេចង់បានការវ៉ៃល្អមើល ៣ទឹក»។ ណាម ម៉ូរ៉ាក់ បានយកឈ្នះពិន្ទុ កីឡាករ ឆាយ មាស ក្នុងកម្មវិធីប្ដូរមកវ៉ៃ៣ទឹកលើកដំបូងខាងលើ។

ងាកមក ឈុំ សារិន មកពីក្លិបរាហូកីឡាខេត្តបាត់ដំបូងបានបង្ហើបដែរថា៖ «ការវ៉ៃ៥ទឹក ពេលខ្លះអត់ល្អមើល ព្រោះពេលអស់កម្លាំងដើរលើរេញ។ បើវ៉ៃ ៣ ទឹកយ៉ាងយូរស្ទាបស្ទង់ ១ ទឹក អស់ហើយ។ ក្រៅពីហ្នឹងទឹកទី២ និងទី៣ ចូលបុកយកតែម្ដង»។ អ្នកប្រដាល់វ័យ ២៤ ឆ្នាំ ឈុំ សារិន ដែលបច្ចុប្បន្នហាត់ប្រដាល់ផង និង រៀនជំនាញជួសជុលរថយន្តផងនោះ ឈ្នះពិន្ទុ មិល សារិន ក្នុងការប្រកួត ៣ ទឹកកាលថ្ងៃអាទិត្យកន្លងទៅ។

លោក Matias Andrés បានបង្ហាញភាពរីករាយ ដែលបានរៀបចំ និង ផ្លាស់ប្ដូរគោលការណ៍ប្រកួតបានជោគជ័យដោយមានការជ្រោមជ្រែងពីសំណាក់ភាគីពាក់ព័ន្ធ រួមទាំងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ការយកចិត្តទុកដាក់គាំទ្រពីលោកឧកញ៉ា ហេង តុលា។ លោកគូសបញ្ជាក់ថា៖ «ខ្ញុំសប្បាយក្រៃលែងដែលកីឡាករទាំងអស់ធ្វើបានល្អក្នុងថ្ងៃរៀបចំដំបូង ហើយកីឡាករមួយចំនួនទទួលបានប្រាក់រង្វាន់បន្ថែមព្រោះវ៉ៃដៃគូឲ្យសន្លប់ និង មានរង្វាន់មួយចំនួនដល់អ្នកឈ្នះផងដែរ»។

យ៉ាងណាក្ដីនេះជាការចាប់ផ្ដើមដំបូង ខណៈកីឡាករមួយចំនួននៅមិនទាន់សុំានឹងការវ៉ៃ៥ ទឹក ហើយពួកចាប់ផ្ដើមដំបូងយឺត និង បញ្ចប់ទៅយឺត ប៉ុន្តែគោលការណ៍របស់សង្វៀនចង់ឲ្យវ៉ៃល្អមើលនិងរំភើបដល់អ្នកគាំទ្រ។ លោកអង្កេតមើលទៀតថា ការដាក់ពិន្ទុពីសំណាក់ចៅក្រម ឬ គណៈកម្មការរៀបចំការប្រកួតមិនមានបញ្ហាចោទទេពោលដំណើរការដោយរលូនព្រោះលោកយល់ច្បាស់ និង មានឆន្ទៈដើម្បីសម្របខ្លួនទៅរកកម្រិតឆាកអន្តរជាតិ។ បុរសសញ្ជាតិឈីលីបន្ថែមថានេះជាការផ្លាស់ប្ដូរតិចតួចហើយចៅក្រមសុទ្ធតែអ្នកជំនាញ និង ធ្វើការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ទីបំផុតគ្រប់ចៅក្រម និង គណៈកម្មការរៀបចំការប្រកួតទាំងអស់ធ្វើបានល្អណាស់។

លោកបានថ្លែងអំណរគុនដល់កីឡាករ អ្នកគាំទ្រ និង អ្នកបានចូលរួមក្នុងសកម្មភាពបំផុសគុនខ្មែរនេះ ក៏ដូចជាការគាំទ្រយ៉ាងសកម្មនៅលើ ហ្វេសប៊ុកផ្លូវការរបស់ «សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ»។ ដើម្បីតបស្នងនឹងការគាំទ្រនេះ សង្វៀនដែលកំពុងទទួលបានប្រជាប្រិយភាពនឹងរៀបចំព្រឹត្តិការណ៍អស្ចារ្យ ពោលមានវត្តមានកីឡាការិនីឆ្នើម នៅ ស្រីពៅ និង ជើងខ្លាំង គង់ សំបូរ ឡើងប្រកួតនៅថ្ងៃទី ១៤ ខែ កក្កដា ខាងមុខ។

អ្នកគ្រប់គ្រងដែលចូលកាន់តំណែងជាង ៣ ខែមកនេះ រំពឹងថា កីឡាករគុនខ្មែរទាំងនឹងបន្សាំខ្លួនទៅការប្រកួត ៣ ទឹកបានយ៉ាងល្អ ហើយនេះជាជំហានដំបូងសម្រាប់គុនខ្មែរជំនាន់ក្រោយ ក្នុងគោលដៅចែករំលែកវប្បធម៌ និង មោទនភាពខ្មែរទៅកាន់ពិភពលោក។

«សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ» ត្រូវបានសម្ពោធដាក់ឲ្យប្រកួតជាផ្លូវការនៅដើមខែ កុម្ភៈ ឆ្នាំ ២០១៩ដែលស្ថិតនៅខេត្តបាត់ដំបង។ កីឡាករ និង ក្លិបប្រដាល់នៅខេត្តបាត់ដំបងក៏កំពុងតែអភិវឌ្ឍខ្លួនឈានឡើងកម្រិតខ្ពស់មួយបន្ថែមទៀត បន្ទាប់ពីវត្តមានសង្វៀនល្បីក្នុងស្រុកមួយនេះ។ «សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ» សម្រេចប្ដូរគោលការណ៍ពីការប្រកួត ៥ ទឹកមក ៣ ទឹកតទៅកាលថ្ងៃទី ៣០ មិថុនា និងបន្តដំណើរទៅមុខទៀត។ នេះជាគោលដៅដើម្បីឲ្យកីឡាករ សុំា និង អាចប្រកួតបានល្អនៅសង្វៀនអន្តរជាតិ ONE Championship៕