(ភ្នំពេញ)៖ ក្រុមបាល់ទាត់ក្មេងអនាថាកម្ពុជា នៃអង្គការបាល់ទាត់រីករាយកម្ពុជា-អូស្ដ្រាលី (HFCA) បានត្រៀមខ្លួនរួច រាល់ហើយ ដើម្បីចូលរួមប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកជនគ្មានទីពឹង ឆ្នាំ២០១៩ (Homeless World Cup 2019) នៅចក្រភពអង់គ្លេសនាចុងខែនេះ។ នេះបើតាមការប្រកាសក្នុងសន្និសីទ សារព័ត៌មាននៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។
លោក ចៅ វិបុល អ្នកចាត់ការទូទៅក្រុមបាល់ទាត់ក្មេងអនាថាកម្ពុជា បានឲ្យដឹងថា ឆ្នាំនេះការប្រកួតមានក្រុម ចូលរួមច្រើនជាងមុន ដោយមាន ៧២ក្រុមមកពី ៤៨ប្រទេសលើពិភពលោកចូលរួម ហើយនេះគឺជាលើកទី១២ ហើយ ដែលអង្គការបាល់ទាត់រីករាយកម្ពុជា-អូស្ដ្រាលី បានខិតខំសម្របសម្រួលបញ្ជូនក្រុមកីឡាករកម្ពុជាទៅ ចូលរួម បើគិតតាំងពីឆ្នាំ២០០៨ ដែលកម្ពុជាបានចូលរួមលើកដំបូងនៅអូស្ដ្រាលី។
លោកបន្ដថា តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំលើពិភពលោកនេះ បានជួយដល់យុវជនវ័យក្មេងរបស់ កម្ពុជាប្រមាណ ៦០នាក់ ឲ្យមានឱកាសផ្លាស់ប្ដូរជីវិតរបស់ពួកគេ នៅក្នុងទសវត្សរ៍ចុងក្រោយនេះ ដោយក្នុងនោះ យ៉ាងហោចមាន ១០នាក់ បានក្លាយទៅជាគ្រូបង្វឹក និងមួយចំនួនទៀត បានក្លាយជាបុគ្គលិកធ្វើការក្រៅម៉ោង ជាមួយអង្គការបាល់ទាត់រីករាយកម្ពុជា-អូស្ដ្រាលី ដើម្បីហ្វឹកហាត់កីឡាករបាល់ទាត់ជំនាន់ក្រោយ។
ទន្ទឹមជាមួយគ្នាលោក Tina Redshaw អគ្គរាជទូតតំណាងចក្រភពអង់គ្លេស ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «ខ្ញុំសូមស្វាគមន៍ចំពោះក្រុមបាល់ទាត់កម្ពុជា ដែលធ្វើដំណើរទៅចក្រភពអង់គ្លេស ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី ដណ្ដើមពានរង្វាន់ពិភពលោកជនគ្មានទីពឹង នៅប្រទេសអង់គ្លេស។
ដោយឡែកលោក Jonathan Yap ប្រធានផ្នែកគ្រប់គ្រង និងកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន Smart បានបង្ហាញ នូវមោទកភាព ចំពោះក្រុមហ៊ុនខ្លួន ដែលបានចូលរួមឧបត្ថម្ភ និងគាំទ្រក្រុមបាល់ទាត់ក្មេងអនាថាកម្ពុជា ក៏ដូចជាសកម្មភាពការងារផ្សេងៗរបស់អង្គការបាល់ទាត់រីករាយកម្ពុជា-អូស្ដ្រាលី។ លោករំពឹងថា ការចូលរួមនេះ នឹងក្លាយជាចំណែកមួយ ដើម្បីជំរុញការអភិវឌ្ឍន៍យុវជន និងក្មេងអនាថាកម្ពុជាកាន់តែមានសមត្ថភាព ថែមទៀត។
គួរបញ្ជាក់ថា បេសកកម្មរបស់ក្រុមបាល់ទាត់ក្មេងអនាថាកម្ពុជា នឹងចេញដំណើរនៅថ្ងៃទី២៥ ខែកក្កដា ខណៈការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដែលមានអង់គ្លេសធ្វើ ម្ចាស់ផ្ទះ៕