ខ្សែបម្រើប្រយុទ្ធ Mustafa Zazai បានក្លាយជាកីឡាករជនជាតិអាហ្វហ្គានីស្ថានដំបូងគេ ដែលនឹងត្រូវលេងនៅក្នុងលីកកំពូលកម្ពុជា បន្ទាប់ពីរូបគេ បានចុះកុងត្រាលេងឲ្យក្លិបភ្នំពេញក្រោន សម្រាប់ការប្រកួតជើងទី២ ដែលនឹងត្រូវធ្វើនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។
កីឡាករពាក់លេខ១៧ Mustafa Zazai ធ្លាប់លេងជាយុវជនថ្នាលរបស់ក្លិប Hamburger SV របស់អាល្លឺមង់ អំឡុងឆ្នាំ ២០០៦ ដល់ឆ្នាំ២០១១ និងចាប់ផ្តើមក្លាយជាកីឡាករអាជីពជាមួយក្លិប VfB Lübeck លើទឹកដីអាល្លឺម៉ង់ដដែល អំឡុងឆ្នាំ ២០១២ និង២០១៣ មុនពេលរូបគេប្តូរទៅលេងឲ្យក្លិប FC St. Pauli II ឆ្នាំ២០១៦ ក្លិប TSG Neustrelitz ឆ្នាំ២០១៧ និងក្លិប LSK Hansa នៅឆ្នាំ២០១៨ ដែលក្លិបទាំងនេះ ជាក្លិបលេងនៅអាល្លឺម៉ងដូចគ្នា។
ក្រោយមក Mustafa Zazai បានប្តូរមកលេងនៅក្លិប Chachoengsao របស់ថៃ នៅឆ្នាំ២០១៨ -២០១៩ រួចបន្តលេងឲ្យក្លិប Phrae United របស់ថៃ និងក្លិប Kelantan FA នៃលីកកំពូលម៉ាឡេស៊ី មុនពេលប្តូរមកលេងឲ្យក្លិបភ្នំពេញក្រោន សម្រាប់ការប្រកួតជើងទី២ លីកកំពូលកម្ពុជា ឆ្នាំ២០១៩នេះ។
ជុំវិញការសម្រេចមកលេងឲ្យក្លិបភ្នំពេញក្រោននេះ Mustafa Zazai បាននិយាយថា៖«និយាយដោយត្រង់ទៅ ខ្ញុំបានដឹងពីក្លិបភ្នំពេញក្រោន ពីមិត្តជាច្រើនលេងក្នុងក្លិបធំៗ នៅកម្ពុជា ព្រោះភ្នំពេញក្រោន ជាក្លិបដែលបានឈ្នះពានច្រើន ហើយហេតុផលសំខាន់នោះ គឺមិត្តរបស់ខ្ញុំ ធារី ចន្ថាប៊ីន ដែលលេងឲ្យក្រុមជម្រើសជាតិកម្ពុជា និងលេងនៅលីកកំពូលម៉ាឡេស៊ី ដូចគ្នា ហើយជិតស្និតជាមួយខ្ញុំ»។
Mustafa Zazai បានបន្ថែមថា៖«បន្ទាប់មក ខ្ញុំក៏បានមកទីនេះ ធ្វើការហ្វឹកហាត់បាន២ទៅ៣លើក និងចុះកិច្ចសន្យាជាមួយក្លិបភ្នំពេញក្រោន តែម្តង។ ខ្ញុំធ្លាប់បានមកកម្ពុជា គឺនៅភ្នំពេញ ចំនួន២ដង ក្នុងនាមជាកីឡាករជម្រើសជាតិអាហ្វហ្គានីស្ថាន ហើយលេងនៅទីនេះ ពិតជាអស្ចារ្យ ដោយកាលនោះមានអ្នកគាំទ្រជាង៥ម៉ឺននាក់។ នៅពេលនោះ ខ្ញុំទាត់ចូលទីបាន២គ្រាប់ ដូច្នេះខ្ញុំមានបទពិសោធច្រើននៅទីនេះ»៕
ធារី ចន្ថាប៊ីន ជាអ្នកជំរុញ Mustafa Zazai មកលេងនៅក្លិបភ្នំពេញក្រោន
អត្ថបទទាក់ទង