«បច្ចុប្បន្ននេះខ្ញុំជាប់រវល់បង។ ខ្ញុំរត់ឡានទួរីស ១២ កៅអីដឹកភ្ញៀវទៅមក ភ្នំពេញ និង កំពង់ធំ ដែលជាឡានផ្ទាល់ខ្លួន។ ដូច្នេះខ្ញុំសម្រេចចិត្តផ្អាកហាត់ និង ឡើងសង្វៀនសិនដើម្បីរកលុយចិញ្ចឹមប្រពន្ធនិងកូនដល់ ៣នាក់ក្នុងបន្ទុក ម្នាក់ ៩ឆ្នាំ ៣ឆ្នាំ និង ១ខួប។ ប៉ុន្តែក្ដីរំពឹង ខ្ញុំមិនបោះបង់គុនចម្រុះទេ នៅតែចង់ធ្វើការផ្នែកក្បាច់គុននេះ»។ នេះជាការថ្លែងប្រាប់ឲ្យដឹងរបស់ មាស ម៉ើ ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ២ និង ជាកីឡាករមានបទពិសោធន៍ក្រាស់ក្រែលនៅសង្វៀនគុនចម្រុះនៅប្រទេសថៃរួមទាំងការប្រកួតលើសង្វៀនអន្តរជាតិ ONE Championship។

មាស ម៉ើ ខកខានឡើងសង្វៀន និង ហ្វឹកហាត់តាំងពីចុងខែ វិច្ឆិកា ឆ្នាំ ២០១៨មកម៉្លេះ បន្ទាប់ពីចាញ់កីឡាករហុល្លង់ Anthony Engelen នៅសង្វៀន ONE: HEART OF THE LION នាប្រទេសសិង្ហបុរី។ កីឡាករវ័យ២៩ឆ្នាំរូបនេះរៀបរាប់ទៀតថា៖ «សម្រាប់គុនចម្រុះនៅតែមានតម្លៃសម្រាប់ខ្ញុំ ខ្ញុំស្រលាញ់។ បើមិនស្រលាញ់មិនខំហាត់និងចេញទៅប្រកួតអន្តរជាតិហូរហែនោះទេ។ ប៉ុន្តែតម្រូវការជីវភាពប្រចាំថ្ងៃទើបផ្អាកសិន។ ពេលនៅខ្លួនមួយផ្សេង ដល់មានប្រពន្ធកូនផ្សេង។

ពេលយើងហាត់ត្រូវប៉ូវម្ហូបហូបចុក និង សំងំហ្វឹកហាត់ដែលត្រូវប្រើលុយចាយ ប៉ុន្តែមិនសូវមានទីផ្សារវ៉ៃក្នុងស្រុក ហើយវ៉ៃនៅក្រៅយូរៗម្ដង។ បើខ្ញុំនៅខ្លួនមួយដូចមុន គឺមិនបញ្ហាទេ»។ យ៉ាងណាក្ដី កីឡាករជំនាញក្បាច់បាតយូដូរូបនេះបានឆ្លៀតពេលទំនេរហាត់ដើម្បីសម្រកគីឡូបន្ទាប់ពីរត់ឡាន។ ពេលអត់បានហ្វឹកហាត់ និង អត់បានឡើងរេញ ទម្ងន់របស់ មាស ម៉ើ ឡើងដល់ ៨២ គីឡូក្រាម ប៉ុន្តែឥឡូវបុកហាត់ស្រកមកត្រឹម ៧៣ គីឡូក្រាមនាពេលថ្មីៗនេះ។

ពេលសួរថា តើការហាត់ខ្លួនឯងនេះដើម្បីត្រៀមឡើងសង្វៀនវិញឬយ៉ាងណា? មាស ម៉ើ ឆ្លើយថា៖ «ខ្ញុំហាត់គ្រាន់តែត្រៀមៗ ហើយមិនទាន់ហ៊ានថាទេ។ កន្លងទៅថ្មីៗនេះ គ្រូហ៊ុន ច័ន្ទរាជ្យ ចង់បានខ្ញុំឡើងវ៉ៃដែរ ប៉ុន្តែខ្ញុំបដិសេធ។ រឿងលុយខ្ញុំក៏ចង់បានដែរ ប៉ុន្តែខ្ញុំក៏ចង់ឈ្នះនិងកិត្តិយសដែរ។ ខ្ញុំអត់មានពេលហ្វឹកហាត់គ្រប់គ្រាន់ខ្ញុំមិនទទួលទេ។ ព្រោះបើទទួល ត្រូវផ្អាករត់ឡានដែលរកកម្រៃបានប្រចាំថ្ងៃ»។ អតីតកូនសិស្សលោក ឡាច វុទ្ធី គូសបញ្ជាក់ថា កម្រៃដែលរកបានប្រចាំថ្ងៃពីការរត់ឡាន អាចផ្គត់ផ្គង់គ្រួសារតូចរបស់ខ្លួនបាន និង អាចបោះរំលស់ធនាគារខ្លះបន្ទាប់ពីយកលុយគេខ្លះទិញឡានរត់។

យ៉ាងណាក្ដី កីឡាករដែលប្រឡូកលើសង្វៀនគុនចម្រុះតាំងឆ្នាំ ២០១៣ រូបនេះបង្ហើបអំពីគម្រោងដែលអាចវិលវិញក្នុងវិស័យគុនចម្រុះទៅថ្ងៃមុខថា បើសិនការងារក្បាច់គុនចម្រុះនេះអាចជួយជ្រោមជ្រែង និង ផ្គត់ផ្គង់ជីវភាពគ្រួសារបាន គឺរូបគេអាចនឹងធ្វើ។ ជើងខ្លាំងយូដូដដែលនេះសង្កត់ធ្ងន់បែបនេះ៖ «ខ្ញុំរៀនបានតិច ស្អីក៏មិនចេះ ប៉ុន្តែមានតែជំនាញក្បាច់គុននេះមួយគត់។ ខ្ញុំស្រលាញ់ ខ្ញុំនៅតែចង់ធ្វើ។ អនាគតចង់ក្លាយអ្នកជួយបង្វឹក ឬ ជាគ្រូបង្វឹកបើមានឱកាស»។

គួរដឹងថា មាស ម៉ើ មានស្រុកកំណើតនៅស្រុកបារាយណ៍ខេត្តកំពង់ធំ ហើយគេជាម្ចាស់ខ្សែក្រវាត់គុនចម្រុះ Khmer Warrior Challenge វគ្គ២ ក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម ដែលរៀបឡើងដោយស្ថានីយទូរទស្សន៍ ស៊ីធីន និង MyTV។ មាស ម៉ើ ដែលមានជំនាញយូដូ បានចូលហ្វឹកហាត់រួមគ្នា ស្នាក់នៅរួមគ្នា ក្នុងជំរំហ្វឹកហាត់កាលឆ្នាំ ២០១៣។ អ្នកលេងគុនចម្រុះវ័យ ២៩ ឆ្នាំរូបនេះ ប្រឡូកលើសង្វៀនគុនចម្រុះទាំងក្នុងស្រុក និង ឆាកអន្តរជាតិចំនួន ៨ ដងក្នុងនោះឈ្នះ ៥ ដង និង ចាញ់ ៣។ បរាជ័យទាំង ៣ ដងនោះ គឺ ចាញ់នៅសង្វៀន ONE ទាំង ៣ ដងជាប់គ្នា នៅឆ្នាំ ២០១៨។ មួយទៀត គេជាអតីតកីឡាករជម្រើសជាតិផ្នែកយូដូដែលបានចេញទៅប្រកួតលើឆាកអន្តរជាតិច្រើនដង។