ក្លិប Manchester United បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែការពារ Aaron Wan-Bissaka ពីក្លិប Crystal Palace ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃសៅរ៍។
លក្ខខណ្ឌនៃហិរញ្ញវត្ថុនៃការផ្ទេរនេះ មិនត្រូវបានប្រកាសឲ្យដឹងឡើយ ប៉ុន្តែ បណ្តាញសារព័ត៌មានរបស់ចក្រភពអង់គ្លេស បានចេញផ្សាយកាលពីដើមសប្តាហ៍នេះថា Man United បានយល់ព្រមចំណាយប្រាក់ទៅឲ្យក្លិប Crystal Palace ចំនួន៥០លានផោន (ស្មើនឹង៦៣,៥លានដុល្លារអាមេរិក) ដើម្បីនាំយកខ្សែការពារស្លាបស្តាំអាយុក្រោម២១ឆ្នាំរូបនេះ។
Wan-Bissaka គឺជាកីឡាករចំណូលថ្មីទី២របស់ក្លិប Man United ក្នុងពេលបិតរដូវកាលនេះ ក្រោយពីការចូលរួមរបស់ខ្សែបម្រើស្លាបអន្តរជាតិវេលស៍ Daniel James ពីក្លិប Swansea City របស់ក្របខ័ណ្ឌ Championship។ Man United មានជម្រើសក្នុងការបន្តកុងត្រារបស់ Wan-Bissaka រយៈពេល១ឆ្នាំបន្ថែមទៀត។ លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម Man United បានឲ្យដឹងថា៖ «Aaron គឺជាខ្សែការពារម្នាក់ក្នុងចំណោមដ៏ឆ្នើមបំផុតក្នុងក្របខ័ណ្ឌ Premier League»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «រូបគេមានសមត្ថភាពដ៏អស្ចារ្យនៅតំបន់ខាងស្តាំ មានទេពកោសល្យ និងស្មារតីដើម្បីលេងឲ្យក្រុម Manchester United ហើយរូបគេពិតជាស័ក្តិសមទៅនឹងប្រភេទកីឡាករដែលយើងកំពុងតែស្វែងរកដើម្បីបញ្ចូលក្នុងក្រុមនេះ ដើម្បីជួយឲ្យយើងកាន់តែខ្លាំងជាងមុន និងទៅកាន់តែឆ្ងាយ»៕
ប្រភពព័ត៌មាន៖ Channel News Asia