ក្លិបបាល់ទាត់អង្គរថាយហ្គឺរ និងក្លិបអាស៊ីអឺរ៉ុបយូណាយធីត សុទ្ធតែបានបង្ហាញការសោកស្តាយ ចំពោះបាត់បង់កីឡាករបរទេស ដែលជាសមាជិកសំខាន់ ក្នុងការជួបក្រុម ខណៈអ្នកទាំងនោះ បានសម្រេចចាកចេញពីក្លិបទាំង២នេះ នៅត្រឹមការប្រកួតជើងទី១ នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៩នេះ។
ក្លិប ដែលគ្រប់ដោយជនជាតិជប៉ុន អង្គរថាយហ្គឺរ បានប្រកាសនៅលើផេចហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃសៅរ៍ ពីការចាកចេញរបស់ខ្សែប្រយុទ្ធ Yudai Ogawa ហើយការបានសម្តែងការសោកស្តាយ សម្រាប់ការចាកចេញនេះផងដែរ ព្រោះខ្សែប្រយុទ្ធ ដែលធ្លាប់លេងនៅក្លិបក្រសួងការពារជាតិ រូបនេះ មានទម្រង់លេងល្អ ហើយក៏រកបានគ្រាប់បាល់ច្រើនឲ្យក្រុមអង្គរថាយហ្គឺរ ផងដែរ។
ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ បានប្រកាសថា៖«ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ សូមប្រកាសអំពីការចាកចេញរបស់កីឡាករជប៉ុន Yudai Ogawa ។ ពួកយើងមានការសោកស្តាយ ចំពោះការចាកចេញរបស់គាត់ណាស់ ហើយពួកយើងសូមអរគុណ និងជូនពរឲ្យគាត់ទទួលបានជោគជ័យ ជាមួយអាជីពការងារថ្មីខាងមុខ»។ ចំណែកលោក ផេង ចន្នា អ្នកចាត់ការទូទៅក្រុមអាស៊ីអឺរ៉ុប ក៏បានសម្តែងការសោកស្តាយ ចំពោះការចាកចេញរបស់ប្រធានក្រុមសញ្ជាតិជប៉ុនពាក់លេខ២ Masaki Tomohiro និងខ្សែប្រយុទ្ធនីហ្សេរីយ៉ាពាក់លេខ៧៧ Ajayi Opeyene Korede នៅត្រឹមបញ្ចប់ការជើងទី១នេះផងដែរ។
លោក ផេង ចន្នា បានប្រាប់វេបសាយក្នុងស្រុកថា៖« ក្លិបមានការសោកស្ដាយ ដែលបាត់បង់កីឡាករឆ្នើមៗទាំង២រូបនេះ ព្រោះពួកគេបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយក្លិបកាលប្រកួតជុំទី១ កន្លងមកនេះ»។
គួរបញ្ជាក់ថា ការប្រកួតចុងក្រោយបញ្ចប់ជុំទី១ របស់ក្រុមអាស៊ីអឺរ៉ុប គឺពួកគេបានចាញ់ក្រុមក្រសួងការពារជាតិ ៤-១ កាលពីថ្ងៃសៅរ៍ ដែលធ្វើឲ្យការប្រកួតទាំង១៣លើករបស់ពួកគេ បានឈ្នះ៥ ស្មើ១ និងចាញ់៧ដង មាន១៦ពិន្ទុ។ ផ្ទុយពីនេះក្រុមអង្គរថាយហ្គឺរ បានឈ្នះក្រុមអគ្គិសនីកម្ពុជា ៣-១ កាលពីថ្ងៃសៅរ៍នោះដែរ ដើម្បីបន្តឈរនៅលេខរៀងទី៣ ដោយមាន២៧ពិន្ទុ ជាមួយការឈ្នះ៨ ស្មើ៣ និងចាញ់ត្រឹម២ដងប៉ុណ្ណោះ៕